រដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍ជិះកង់ ភ្នំពេញ–តាកែវ ៧៨គីឡូម៉ែត្រ ទាក់ទាញអ្នកចូលរួមជិត ១,០០០នាក់ លើសការគ្រោងទុក
08-03-2026 20:09
(តាកែវ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា រួមជាមួយលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះកង់ «ភ្នំពេញ–តាកែវ» ចម្ងាយ ៧៨ គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»។
ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ», ជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់សក្តានុពលទេសចរណ៍នៅខេត្តតាកែវ, បង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការជួយឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្សខ្វះខាតផងដែរ។
ព្រឹត្តិការណ៍ជិះកង់នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឧកញ៉ា លោក លោកស្រីតំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជន, ប្អូន និងក្មួយៗជាអ្នកផលិតមាតិកាព័ត៌មាន Influencers, KOLs, បងប្អូនកីឡាករ កីឡាការិនី បងប្អូនសាធារណជន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ប្រមាណ ១,០០០នាក់។
រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា សន្តិភាព គឺជាគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ពិសេសព្រឹត្តិការណ៍ជិះកង់នេះក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រវាងរាជធានីភ្នំពេញ និងខេត្តតាកែវ ព្រមទាំងលើកកម្ពស់ការធ្វើដំណើរទេសចរណ៍ប្រកបដោយភាពសុខដុមរមនា និងបរិស្ថានបៃតង។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងបន្តថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ល្អមួយនេះ បានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ, បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការហាត់ប្រាណ, បង្ហាញពីការរួបរួម និងភាពសាមគ្គីរបស់ប្រជាពលរដ្ឋក្នុងការគាំទ្រវិស័យទេសចរណ៍ និងការអភិវឌ្ឍប្រទេសជាតិ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងសកម្មភាពសង្គម ព្រមទាំងផ្តល់ការលើកទឹកចិត្តដល់ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសង្គម កីឡា និងវិស័យទេសចរណ៍ផងដែរ៕


















