កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះត្រួតពិនិត្យការរស់នៅប្រមូលផ្ដុំរបស់ជនបរទេសនៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រកឃើញជនបរទេស៧នាក់ ដែលស្នាក់នៅខុសច្បាប់
08-03-2026 20:58
(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការរស់នៅប្រមូលផ្ដុំរបស់ជនបរទេសនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដោយរកឃើញជនបរទេសចំនួន៧នាក់ ដែលរស់នៅខុសច្បាប់។
យុទ្ធនាការនេះដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ លី ប៊ុនឃាង ស្នងការរងនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី លី សាតសាយ មេបញ្ជាការងអាវុធហត្ថរាជធានីភ្នំពេញ និងលោក សក់ កញ្ញារិទ្ធ អភបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមការងារបានចុះត្រួតពិនិត្យបានចំនួន១៣៥ខ្នងផ្ទះ ក្នុងនោះរកឃើញជនបទេសស្នាក់នៅ៧ខ្នងផ្ទះ មនុស្ស២៩នាក់ (ស្រី៦នាក់) មាន១ខ្នងផ្ទះ មានជនបរទេសស្នាក់ខុសច្បាប់ចំនួន៧នាក់ (ស្រី១) មាន៣សញ្ជាតិរួមមាន៖ ជនជាតិចិន៥នាក់ ជនជាតិឡាវ ម្នាក់ និងជនជាតិមីយ៉ាន់ម៉ាម្នាក់។
សមត្ថកិច្ចបានបញ្ជាក់ថា ជនបទេសទាំង៧នាក់ មាន២នាក់លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពូជា តាមប្រទេសឡាវ (ជនជាតិចិន)។ ជនបរទេស២នាក់ទៀត ទើបមកពីខេត្តព្រះសីហនុ និងជនបរទេស៣នាក់ មកពីកោះពេជ្រខណ្ឌចំការមន។
ក្រុមការងារបានដកហូតសម្ភាររួមមាន៖ ទូរស័ព្ទចំនួន១៥គ្រឿង កំព្យូទ័រ១គ្រឿង និងរថយន្តពណ៌ខ្មៅ១គ្រឿង។ សម្រាប់ជនបរទេសដែលស្នាក់នៅខុសច្បាប់ និងវត្ថុតាងមួយចំនួន ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីបន្តនីតិវិធី៕











