តំណាងទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ នាំយកល្មើចំនួន១៨០កេស ជូនសាសនិកឥស្លាម នៅខេត្តពោធិ៍សាត់ ដែលជាព្រះរាជអំណោយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត

08-03-2026 21:36

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ លោក រ៉ូហ្វី អូស្មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា តំណាងទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកផ្លែល្មើចំនួន ១៨០កេស ស្មើនឹង១៤៤០គីឡូក្រាម ជូនគណៈអ៉ីមាំខេត្តពោធិ៍សាត់ សម្រាប់ចែកជូនដល់សាសនិកឥស្លាមទូទាំងខេត្ត។

ក្នុងឱកាសមានមតិសំណេះសំណាល លោក រ៉ូហ្វី អូស្មាន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនប្រជាពលរដ្ឋជាទីនឹករលឹកបំផុត ហើយលោកបានថ្លែងថា អំណោយនេះទទួលបានពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌ (KSRelief) ដែលសម្រាប់ឆ្នាំ២០២៦នេះ បានផ្តល់ល្មើចំនួន២៥តោនដល់កម្ពុជា និងមានក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីតចំនួន៥តោនផងដែរ។

លោកបានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ និងតែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជាផងដែរ។

ក្នុងឱកាសខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះ លោកបានផ្តាំផ្ញើឲ្យបងប្អូនថែរក្សាសុខភាពឲ្យបានល្អ ក្នុងអំឡុងពេលបួស និងសូមបួងសួងពីអល់ឡោះជាម្ចាស់ ទ្រង់ទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា៕