បេក្ខជន និងសកម្មជន១៣៨នាក់ របស់គណបក្សប្រឆាំងនៅខេត្តស្វាយរៀង ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

09-03-2026 11:06

(ស្វាយរៀង)៖ លោក គង់ ម៉ាស់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង និងសហការី រួមជាមួយថ្នាក់ដឹកនាំគណបក្យស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូន ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មកពីអ្នកគាំទ្រ សមាជិក សមាជិកា គណបក្សភ្លើងទៀន អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សដទៃ ចំនួន១៣៨នាក់ នៅឃុំចំបក់ ស្រុកស្វាយជ្រំ។

លោក គង់ ម៉ាស់ បានថ្លែងថា ថ្ងៃនេះក្រុមការងារ បានចុះជួបផ្ទាល់ជាមួយបងប្អូនដែលមកពីគណបក្សនយោបាយនានា ក្នុងឃុំចំបក់ ស្រុកស្វាយជ្រំចំនួន១៣៨នាក់សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបានបន្តថា ពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាស បញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជាផងដែរ។

ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទនុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្រុមសកម្មជនទាំងអស់ បានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ពួកគេក៏បានអំពាវនាវអ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕