ក្រុមហ៊ុនភេសជ្ជៈ Yeo's និងកាហ្វេ Yeo's original នាំយកអំណោយ ចែកជូនដល់ពលរដ្ឋភៀសសឹក, ពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន, កម្លាំងជួរមុខនៅទិសថ្មដា និងឧបត្ថម្ភដល់រដ្ឋបាលស្រុកវាលវែង សម្រាប់បែងចែកបន្ត
09-03-2026 13:30
(ពោធិ៍សាត់)៖ ក្រុមហ៊ុនភេសជ្ជៈ Yeo's និងកាហ្វេ Yeo's original ដឹកនាំដោយ លោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ក្រុមហ៊ុន YHS Cambodia នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បាននាំយកអំណោយ មកចែកជូនដល់បងប្អូនពលរដ្ឋ ដែលកំពុងស្នាក់នៅជំរុំភៀសសឹក ក្នុងឃុំប្រម៉ោយ, បងប្អូនពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ក្នុងឃុំថ្មដា, បងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសថ្មដា និងឧបត្ថម្ភទឹកសណ្ដែក Yeo's ដល់រដ្ឋបាលស្រុកវាលវេង សម្រាប់ចាត់ចែងបន្តតាមតម្រូវការចាំបាច់។
ពិធីនេះត្រូវបានធ្វើឡើង នៅទីតាំងផ្សេងៗគ្នា ក្រោមអធិបតីភាព លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង។
លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន៨៣គ្រួសារ នៅជំរុំវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ, បងប្អូនពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ក្នុងឃុំថ្មដា ចំនួន៩០០ គ្រួសារ ព្រមទាំងបងប្អូនវីរកងទ័ពជួរមុខនាឱកាសនេះ។
លោកបាននាំមកនូវប្រសាសន៍សាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ពិសេសពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅតាមបន្ទាត់ព្រំដែន ដោយមិនទុកឱ្យបងប្អូនណាម្នាក់រងគ្រោះដោយអត់ឃ្លាននោះឡើយ។
លោកអភិបាលរងខេត្ត បានលើកឡើងថា ចំពោះបញ្ហាព្រំដែនជាមួយប្រទេសជិតខាងវិញ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យន្តការដោះស្រាយបញ្ហាព្រំដែន ដោយផ្អែកលើគោលការណ៍ «សន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការ» ហើយយើងបានប្រកាន់ខ្ជាប់នូវជំហរអត់ធ្មត់ ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយអាវុធ ដែលនាំឱ្យខាតបង់ដល់ប្រជាជនទាំងសងខាង។
លោក ហេង សុភាណា បានជម្រាបជូនថា ស្ថានភាពដែលបងប្អូនបានជួបប្រទះ ជាពិសេសផលប៉ះពាល់ពីជម្លោះព្រំដែន គឺជាការលំបាកមួយដែលរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលតែងតែតាមដាន និងរកដំណោះស្រាយជូនជានិច្ច។ ទន្ទឹមនឹងការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត យើងក៏មានការចូលរួមយ៉ាងសកម្មពីសប្បុរសជននានា។
ជាក់ស្ដែងនៅថ្ងៃនេះ រដ្ឋបាលខេត្តពិតជាមានសំណាង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ក្រុមហ៊ុន YHS Cambodia ព្រមទាំងក្រុមការងារ ក្រុមហ៊ុនភេសជ្ជៈ Yeo's និងកាហ្វេ Yeo's original ដែលបាននាំយកអំណោយសប្បុរសធម៌យ៉ាងច្រើនសន្ធឹកសន្ធាប់ សរុបជាទឹកប្រាក់ចំនួន ៤៥,៩៦៨ដុល្លារអាមេរិក ដើម្បីជួយសម្រាលការលំបាកជូនដល់បងប្អូន។ នេះគឺជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ដែលបង្ហាញពីវប្បធម៌នៃការចែករំលែក និងការសាមគ្គីគ្នារវាងវិស័យឯកជន និងរដ្ឋបាលសាធារណៈ «ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ» ក្នុងកាលៈទេសៈដែលបងប្អូនកំពុងជួបការលំបាក ដោយសារផលប៉ះពាល់ពីសង្គ្រាមនៅតាមបន្ទាត់ព្រំដែន។
លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ ក្រុមហ៊ុន YHS Cambodia សូមជូនពរឱ្យអាជីវកម្មរបស់ក្រុមហ៊ុនកាន់តែរីកចម្រើន និងសូមជូនពរដល់បងប្អូនវីរកងទ័ព ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ បន្តស្មារតីរឹងមាំ និងជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕












































