រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ស្ត្រីជាភរិយា និងគ្រួសារវីរកងទ័ព បានចូលរួមលើកទឹកចិត្តស្វាមី និងកូនដែលឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហានពីការឈ្លានពាន
09-03-2026 13:33
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ឆ្លងកាត់សង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមស្វែងរកសន្តិភាព និងសន្តិសុខប្រកបដោយប្រសិទ្ធភាព និងមោទនភាព។ ក្នុងនោះស្ត្រីជាភរិយា និងគ្រួសារវីរកងទ័ពបានចូលរួមលើកទឹកចិត្តស្វាមី និងបងប្អូនប្រុសដែលកំពុងឈរជើងការពារទឹកដីកម្ពុជាយ៉ាងអង់អាចក្លាហាន។ ទោះបីជាភ័យតក់ស្លត់យ៉ាងក៏ដោយ ប៉ុន្តែពួកគាត់មិនចុះញ៉ម មិនស្ទាក់ស្ទើរ មិនរាថយក្នុងការបន្តគាំទ្រ និងជំរុញទឹកចិត្តវីរកងទ័ពចូលរួមការពារបូរណភាពទឹកដីនោះឡើយ។
ការលើកឡើងបែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដែលលោក និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ចំណែកស្ត្រីជាអ្នកគាំទ្រពីខាងក្រោយវិញ បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកៀរគរធនធានជាជំនួយគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់សម្រាប់ចែកជូនជនភៀសសឹកបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា គំរូដ៏ឥតខ្ចោះ និងប្រកបដោយវីរភាពរបស់ស្ត្រីក្នុងការចូលរួមការពារ និងថែរក្សាសន្តិភាព និងសន្តិសុខ សម្រាប់គ្រួសារ និងសង្គមកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងតាមរយៈសកម្មភាពប្រចាំថ្ងៃនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជាសកម្មភាពមនុស្សធម៌ សប្បុរធម៌ និងសង្គមធម៌របស់ថ្នាក់ដឹកនាំជាស្ត្រី និងបងប្អូនជាស្ត្រីកម្ពុជាដែលបានយកចិត្តទុកដាក់ខ្ពស់ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រីនៅកម្ពុជា ដើម្បីធានាថាស្ត្រី និងក្មេងស្រីទទួលបានអត្ថប្រយោជន៍ពេញលេញពីការវិនិយោគលើយេនឌ័រ និងបង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការសម្រេចចិត្តក្នុងវិស័យសេដ្ឋកិច្ច ការអប់រំ សុខភាព និងភាពជាអ្នកដឹកនាំ។
«ក្នុងនាមជាថ្នាក់ដឹកនាំ ជាពិសេសមេគ្រួសារមួយរូប ខ្ញុំសូមនិយាយថា ស្ត្រីពិតជាអស្ចារ្យខ្លាំងណាស់។ ភាពបត់បែន ភាពធន់ ភាពច្នៃប្រឌិតរបស់ស្ត្រី ធ្វើឱ្យខ្ញុំមិនសរសើរមិនបាន។ នៅក្នុងគ្រួសារស្ត្រីដើរតួនាទីជាអ្នកស្តាប់មិនចេះនឿយណាយ អ្នកសម្របសម្រួលដ៏ប៉ិនប្រសប់ អ្នកថែរក្សាសុខភាពផ្លូវ ចិត្តសម្រាប់គ្រួសារ និងជាអ្នកកែខៃបញ្ហាឱ្យប្រសើរឡើងវិញពីស្ថានការណ៍អាក្រក់ៗ។ ដូច្នេះហើយ ស្ត្រីគឺជាកញ្ចក់ឆ្លុះបញ្ចាំងគ្រួសារ ដូចគេតែងនិយាយថា សមត្ថភាពរបស់បុរស ត្រូវបានឆ្លុះបញ្ចាំង តាមរយៈស្ត្រីជាភរិយា»។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» គឺសូមចែកឧទ្ទិសជូនដល់ស្ត្រី និងកុមារី ដែលបានរងរបួស និងពលីជីវិត ក្នុងអំឡុងនៃការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា។ ព្រមទាំងសូមជូនពរដល់ស្ត្រី កុមារី ដែលមានស្វាមី និងឪពុក ជាយោធា ដែលកំពុងឈរជើងការពារទឹកដី នៅសមរភូមិមុខ សូមឱ្យពួកគាត់ទទួលបានសុខសប្បាយគ្រប់ៗគ្នា៕










































