លោកស្រីបណ្ឌិត ជា សិរី៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាការចាំបាច់ជួយជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច
09-03-2026 13:42
(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានទី២ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់ការអនុវត្តនៅគ្រប់ ដំណាក់កាល សំដៅដល់ការអប់រំមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំងសីលធម៌ គុណធម៌ និងមនសិការសេ្នហាជាតិ។
ការលេីកឡេីងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វេីឡេីង ក្នុងពិធីសម្ពោធអគារសិក្សា១ខ្នងមាន២ជាន់ ស្មើ១២បន្ទប់ និង អគារបណ្ណាល័យ១ខ្នង នៅវិទ្យាល័យជា ស៊ីម កំពង់ថ្ម ស្ថិតក្នុងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្ត យកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យសំខាន់ៗនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកស្រីបានបន្ដថា ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការ អភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់ការអនុវត្តនៅគ្រប់ដំណាក់កាល ដែលសំដៅដល់ការអប់រំ ឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំងសីលធម៌ គុណធម៌ និងមនសិការសេ្នហាជាតិ ជាពិសេសការបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
ជាក់ស្តែងសម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ៤ចំណុច សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោត សំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋរួមមាន៖
ទី១. ការពង្រឹងអភិបាលកិច្ច។
ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធី សិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស
និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។
លោកស្រីបណ្ឌិតបន្តថា ជុំវិញការអប់រំនេះ វិទ្យាល័យជាស៊ីម កំពង់ថ្ម គឺជាថ្នាលសិក្សាមូលដ្ឋានមួយដ៏សំខាន់មួយ បាន ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា តាមរយៈការពង្រឹងការបណ្តុះបណ្តាល ដល់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នង ឬស្សីជំនាន់ក្រោយប្រកបដោយគុណភាព។
បញ្ហានេះក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ព្រមទាំងសប្បុរសជនធនាគារ អេស៊ីលីដា ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី ពិតជាមានចិត្តសប្បាយរីករាយដែល បានចូលរួមវិភាគទាន ក្នុងដំណើរការពង្រឹងវិស័យអប់រំកន្លងមក។
លោកស្រីបណ្ឌិតបន្ថែមថា តាមរយៈការពង្រឹងការបណ្តុះ បណ្តាលដល់ក្មួយៗសិស្សានុសិស្ស ដែលជាកម្លាំងបន្ដវេន និងធនធានមនុស្សប្រកបដោយ សក្ដានុពល នឹងនាំឱ្យប្រទេសជាតិកាន់តែរីកចម្រើន និងមានការអភិវឌ្ឍជាលំដាប់។ ជាការពិតណាស់ ការផ្ដល់ជូននូវអគារសិក្សា និងបណ្ណាល័យ ជាមួយនឹងការបំពាក់នូវបរិក្ខារថ្មីៗ នឹងកាន់តែទាក់ទាញក្មួយៗ ឱ្យខិតខំសិក្សារៀនសូត្របានកាន់តែខ្លាំងជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ។
លោកស្រីបណ្ឌិត ក៏បានអំពាវនាវឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា និងអាណាព្យាបាល សិស្សទាំងអស់ សូមជួយថែរក្សាអគារសិក្សានិងបណ្ណាល័យនេះ ឱ្យបានគង់វង្សជាប្រយោជន៍ ដើម្បីប្រើប្រាស់សមិទ្ធផលទាំងនេះឱ្យបានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ និងផ្ដាំផ្ញើដល់សិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលនិទ្ទេសល្អសម្រាប់អនាគតខ្លួនឯង និងការចូលរួមកសាងប្រទេសជាតិឱ្យកាន់តែរីកម្រើន៕























