លោកបណ្ឌិត សម តារា ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូសិស្សានុសិស្ស មកពីវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ខេត្តស្វាយរៀង
09-03-2026 13:46
(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគុណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានអញ្ជើញ សំណេះសំណាលដើម្បីតម្រង់ទិសការសិក្សា ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួន៦៥នាក់ មកពីវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍។
ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅសាលាស្រុកកំពង់រោទិ៍ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក អន សុ ខុន សមាជិកគណៈកម្មាធិការកណ្តាលទីប្រឹក្សាអគ្គមេបញ្ជាការកងយោធពល ខេមរភូមិន្ទ សមាជិកក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ត លោក ក្តាន់ យុវត្ថា អតីតនាយកមន្ទីរពេទ្យកុមារជាតិ អភិបាលស្រុកកំពង់រោទិ៍ និងក្រុមការងារជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត សម តារា បានផ្សព្វផ្សាយ អំពីសភាពការណ៍ជាតិ អន្តរជាតិ ព្រមទាំង តួនាទី ភារកិច្ចរបស់យុវវ័យចំពោះជាតិ មាតុភូមិនាពេលបច្ចុប្បន្ន និងពេលអនាគត និងរំលេចការខិតខំប្រឹងប្រែង និងការយកចិត្ត ទុកដាក់យ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី។
បន្ថែមលើសពីនេះ លោកបណ្ឌិត បានលើកឡើង ៤ ចំណុចសំខាន់ឲ្យសិស្សានុសិស្សយកទៅសិក្សាឈ្វេងយល់រួមមាន៖
ទី១៖ ការយល់ដឹងអំពីខ្លួនឯង ដែលជាសមត្ថភាពក្នុងការយល់ដឹងអំពីអារម្មណ៍ចំណុចខ្លាំង ចំណុចខ្សោយតម្លៃនិងការលើកទឹកចិត្តរបស់ខ្លួនឯង។
ទី២៖ ការពិចារណាពីខ្លួនឯងគឺជាការអនុវត្តក្នុងការពិចារណាយ៉ាងស៊ីជម្រៅអំពីបទពិសោធន៍សកម្មភាពនិងការសម្រេចចិត្តរបស់ខ្លួន។
ទី៣៖ ការវាយតម្លៃខ្លួនឯងគឺជាជំហានបន្តពីការពិចារណា។
ទី៤៖ ការគ្រប់គ្រងខ្លួនឯងគឺជាសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ ការរៀបចំពេលវេលានិងរក្សាវិន័យក្នុងការបោះជំហានទៅរកគោលដៅ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរលោកបណ្ឌិត សម តារា បានឧបត្ថម្ភថវិកាដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកចូលរួមសរុបថវិកាចំនួន៣.៥៥០០០០រៀលផងដែរ៕

























