មន្ទីរព័ត៌មានខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ដើម្បីលើកកម្ពស់តម្លៃស្ត្រី

09-03-2026 13:53

(​ព្រៃវែង)៖ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៦ ក្រោមប្រធានបទដ៏មានសារៈសំខាន់ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដើម្បីលើកកម្ពស់តម្លៃស្ត្រី និងរំលឹកដល់ការតស៊ូទាមទារសិទ្ធិសេរីភាពរបស់នារីនៅលើសកលលោក ។

​ក្នុងឱកាសនោះ លោក ញ៉ែម សៅគ្រី បានគូសបញ្ជាក់ថា ប្រធានបទឆ្នាំនេះពិតជាមានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញថា «សន្តិភាព» គឺជាគ្រឹះមិនអាចខ្វះបានសម្រាប់កសាងសន្តិសុខ សុភមង្គល និងការអភិវឌ្ឍក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។ ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពក្នុងគ្រួសារ និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងាររដ្ឋបាលសាធារណៈ។

លោកប្រធានមន្ទីរ ក៏បានផ្ដល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីទាំងអស់ នៅក្នុងមន្ទីរព័ត៌មានខេត្តព្រៃវែង ដើម្បីទុកជាអនុស្សាវរីយ៍ក្នុងទិវាអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា និងជាការលើកទឹកចិត្តដល់មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាដែលបានខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់ខ្លួន ក្នុងវិស័យព័ត៌មាននៅក្នុងខេត្តព្រៃវែងនេះបានយ៉ាងល្អប្រសើរនាពេលកន្លងមកនោះ។

​ទន្ទឹមនឹងការអបអរសាទរនេះ លោក ប្រធានមន្ទីរ ក៏បានប្រគល់នូវសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ជូនដល់បណ្តាការិយាល័យចំណុះមន្ទីរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារប្រចាំថ្ងៃ និងជំរុញឱ្យការអនុវត្តភារកិច្ចក្នុងវិស័យព័ត៌មានកាន់តែមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។

លោក ញ៉ែម សៅគ្រី ក៏បានណែនាំដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មាន ត្រូវបន្តពង្រឹង សកម្មភាព អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាបន្តទៀតធ្វើយ៉ាងណាដើម្បីធានាដល់ការអភិវឌ្ឍន៍ខ្លួនក្នុងវិស័យព័ត៌មានឲ្យកាន់តែប្រសើរឡើងតែស្របទៅនឹងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួង ក៏ដូចជារាជរដ្ឋាភិបាលផងដែរ៕