ជាង១០ឆ្នាំទំនាស់ដីធ្លីរវាងពលរដ្ឋនៅឃុំត្រងិល និងពលរដ្ឋនៅឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោះស្រាយមិនចេញ (Video inside)
09-03-2026 14:21
(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ២៧គ្រួសារ រស់នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានស្នើសុំថ្នាក់ដឹកនាំជួយដោះស្រាយករណីវិវាទដីធ្លីដែលបានអូសបន្លាយអស់រយៈពេលជាង១០ឆ្នាំមកហើយ តែនៅដោះស្រាយមិនចេញលទ្ធផល។
ករណីនេះអាជ្ញាធរស្រុក បានដោះស្រាយ និងសម្របសម្រួលជាច្រើនលើកច្រើនសារនៅតែមិនអាចដោះស្រាយបាន ដោយធ្វើឲ្យពួកគាត់ខកខានមិនបានចូលអាស្រ័យផលជាយូរឆ្នាំកន្លងមក ទើបពួកគាត់សម្រេចចិត្តស្នើសុំឲ្យថ្នាក់ដឹកនាំខេត្ត និងក្រសួងពាក់ព័ន្ធជួយដោះស្រាយ។
ពលរដ្ឋរស់នៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង បានបញ្ជាក់ប្រាប់ឲ្យដឹងថា តាំងពីអំឡុងទសវត្សរ៍ឆ្នាំ៨០ មានពលរដ្ឋជាច្រើនគ្រួសារ ដែលធ្លាប់បានកាន់កាប់ និងអាស្រ័យផលលើដីចំការស្ថិតនៅចំណុចអាងក្រពើ និងចំណុចតាត្រាវ ស្ថិតក្នុងភូមិត្រងិល ឃុំត្រងិល ដោយពួកគាត់បានដាំដំណាំដើមស្វាយចន្ទី, ដាំដើមស្វាយ និងដាំសណ្ដែក តាំងពីឆ្នាំ១៩៨៤មកម៉្លេះ។ លុះមកដល់ឆ្នាំ២០១៧ អាជ្ញាធរក៏បានហាមឃាត់មិនឲ្យពួកគាត់ចូលទៅកាន់កាប់ និងអាស្រ័យផលលើដីនោះជាបន្តទៀត។
បន្ទាប់ពីមានការហាមឃាត់ពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ពួកគាត់ចំនួន៤៧គ្រួសារ ក៏បានដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ សុំជួយធ្វើការចុះពិនិត្យ និងដោះស្រាយជូនពួកគាត់។
លុះនៅអំឡុងខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលស្រុកកំពង់លែង រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ ចុះធ្វើការពិនិត្យទៅលើដីទំហំជាង៨០ហិកតា ដែលប្រជាពលរដ្ឋស្នើសុំឲ្យពិនិត្យ និងដោះស្រាយ។
ជាលទ្ធផលការចុះពិនិត្យដោះស្រាយរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបញ្ជាក់ថា ក្នុងដីទំហំ៨០.១៥ ៣៨ហិកតា ស្ថិតក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលពលរដ្ឋស្នើសុំឲ្យដោះស្រាយ ក្នុងនោះដីទំហំ ៥១.៤០៦៥ហិកតា មិនស្ថិតនៅក្នុងអនុក្រឹត្យលេខ២០០ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ដីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស» និងមិនស្ថិតក្នុងផែនទីដីសហគមន៍ព្រៃឈើ ឧបសម្ព័ន្ធនៃប្រកាសលេខ៤៨៥ប្រក.កសក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។
ចំណែកដីទំហំ ២៨.៧៤៧៣ហិកតា ក្នុងចំណោមដីជាង៨០ហិកតាខាងលើនេះ គឺស្ថិតនៅក្នុងអនុក្រឹត្យលេខ២០០អនក្រ.បកចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ដីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស»។ ពួកគាត់បានបញ្ជាក់ទៀតថា ដីទំហំ ៥១.៤០៦៥ ដែលអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីរកមិនឃើញជាប់ពាក់ព័ន្ធដីរបស់រដ្ឋ ក្រសួងរៀបចំដែនដី និងអាជ្ញាធរ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ក៏បានប្រគល់មកឲ្យពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង កាន់កាប់ និងអាស្រ័យផលវិញនៅអំឡុងឆ្នាំ២០១៩នោះផងដែរ។
បន្ទាប៉ពីក្រសូងប្រគល់ឲ្យក៏មានពលរដ្ឋមួយចំនួនអាចចូលកាន់កាប់ និងអាស្រ័យផលបានជាធម្មតា និងពលរដ្ឋខ្លះទៀតក៏អាចធ្វើការវាស់វែងជាលក្ខណៈប្រព័ន្ធដោយមិនមានការរារាំងពីអាជ្ញាធរ និងមន្ត្រីជំនាញនោះទេ។ ដោយឡែកពលរដ្ឋចំនួន ២៧គ្រួសារ ទទួលបានដីដែលក្រសួង និងជ្ញាធរប្រគល់ឱ្យហើយដែរនោះ ក៏ត្រូវបានអាជ្ញាធរ និងមន្ត្រីឧទ្យានុរក្សហាមឃាត់មិនអនុញ្ញាតឱ្យចូលកាន់កាប់ និងអាស្រ័យផលបានដដែល ដោយអាជ្ញាធរ និងមន្ត្រីឧទ្យានុរក្សនៅតែអះអាងថា ដីនោះគឺជាដីស្ថិតក្នុងអនុក្រឹត្យលេខ២០០ក្នុងដែនគ្រប់គ្រងរបស់មន្ត្រីបរិស្ថាន និងមិនអនុញ្ញាតឱ្យពលរដ្ឋចូលអាស្រ័យផលបានឡើយ។
ឯពលរដ្ឋខ្លះទៀតដែលទទួលបានដីពីក្រសួងរៀបចំដែនដី និងអាជ្ញាធរប្រគល់ឱ្យហើយដែរ ពួកគាត់ក៏បានវាស់វែងជាលក្ខណៈប្រព័ន្ធរួចហើយ ក៏អាជ្ញាធរ និងមន្ត្រីបរិស្ថាននៅតែអះអាងថា ជាដីជាប់ដែនគ្រប់គ្រងរបស់បរិស្ថាន ដោយមិនអនុញ្ញាត ឱ្យពលរដ្ឋចូលអាស្រ័យផល និងថែទាំផលដំណាំបានផងដែរ។
មិនតែប៉ុណ្ណោះក៏ត្រូវបានអាជ្ញាធរឃុំពោធិ៍ និងអាជ្ញាធរឃុំត្រងិល រួមទាំងអាជ្ញាធរស្រុកកំពង់លែង បានអះអាងថា ដីរបស់ពលរដ្ឋក្នុងឃុំត្រងិល ដែលក្រសួងប្រគល់ឲ្យខាងលើនែះ ត្រូវបានកាត់ព្រំរដ្ឋបាលពីឃុំត្រងិល ប្រគល់ទៅឲ្យឃុំពោធិ៍គ្រប់គ្រង បើពលរដ្ឋឃុំត្រងិលចង់បានដីនោះវិញ លុះត្រាតែសម្របសម្រូលចែកភាគរយជាមួយពលរដ្ឋក្នុងឃុំពោធិ៍។ តែពលរដ្ឋក្នុងឃុំត្រងិលមិនព្រម ដោយពួកគាត់នៅតែអះអាងថា ដីទាំងអស់នេះពួកគាត់បានកាន់កាប់ និងអាស្រ័យផលតាំង ពីទសវត្សរ៍៨០និង៩០ ហើយដីនេះគឺស្ថិតក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ដោយពលរដ្ឋជាច្រើនគ្រួសារ មានទាំងលិខិតកាន់កាប់ដីធ្លីពីអាជ្ញាធរភូមិត្រងិល អាជ្ញាធរឃុំត្រងិល និងមានការទទួលស្គាល់ពីការិយាល័យភូមិបាលស្រុកកំពង់លែង ទៀតផង។
នៅឆ្នាំ២០១៩ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអាជ្ញាធរស្រុកខេត្ត រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធបានប្រគល់ដីទំហំជាង៥១ហិកតានេះ មកឲ្យពលរដ្ឋក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង កាន់កាប់ និងអាស្រ័យផលស្របច្បាប់តាមសំណើរបស់ពលរដ្ឋក្នុងឃុំត្រងិល។
ជាចុងក្រោយពលរដ្ឋទាំង២៧គ្រួសារ ស្នើសុំអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយដោះស្រាយករណីវិវាទដីធ្លីខាងលើនេះជូនពួកគាត់ឲ្យបានឆាប់ផង ដោយសារតែករណីវិវាទដីធ្លីនេះអូសបន្លាយពេលជាង១០ឆ្នាំមកហើយ។ ពួកគាត់ក៏បានស្នើសុំដល់ ក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលកន្លងមកធ្លាប់បានចុះមកពិនិត្យដោះស្រាយដីទំហំជាង៥១ហិកតាខាងលើនេះ ដែលក្រសួងបានបញ្ជាក់ថា មិនជាប់ពាក់ព័ន្ធនឹងដីរបស់រដ្ឋ និងមិនស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់រដ្ឋបាលឃុំពោធិ៍ ហើយបានប្រគល់មកឲ្យប្រជាពលរដ្ឋក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាន់កាប់និងអាស្រ័យផលវិញតាំងពីឆ្នាំ២០១៩ តែតាំងពីពេលនោះរហូតមក ដល់បច្ចុប្បន្ននេះ ពលរដ្ឋរស់នៅក្នុងភូមិត្រងិល ឃុំត្រងិល ភាគច្រើនដែលទទួលបានដីហើយនៅតែមិនអាចចូលទៅអាស្រ័យផលបាន ហេតុនេះស្នើសុំឲ្យអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីចុះពិនិត្យដីជាង៥១ហិកតាខាងលើនេះម្តងទៀត និងស្នើសុំជួយដោះស្រាយករណីវិវាទដីធ្លីខាងលើនេះជាមួយឃុំពោធិ៍ និងស្នើសុំបោះបង្គោលព្រំសម្គាល់ដីរបស់រដ្ឋ និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ផង។
ជុំវិញករណីវិវាទដីធ្លីខាងលើនេះលោក អ៊ូ គឹមធី ជំទប់ទី១ ឃុំត្រងិល និងជាអតីតមេឃុំត្រងិល លោកធ្លាប់បានបញ្ជាក់ប្រាប់ឲ្យដឹងថា ដីទំនាស់ខាងលើនេះត្រូវបានកាត់ព្រំរដ្ឋបាលពីឃុំត្រងិល ទៅឲ្យឃុំពោធិ៍គ្រប់គ្រងតាំងពីអំឡុងឆ្នាំ២០២១មកម្ល៉េះ តែលោកមិនមានឯកសារ ចំណែកលិខិតកាន់កាប់ដីធ្លីរបស់ពលរដ្ឋក្នុងភូមិត្រងិល ឃុំត្រងិល គឺលោកពិតជាបានចេញលិខិតកាន់កាប់ដីធ្លីជូនពួកគាត់ប្រាកដមែន ហើយលោកក៏នៅតែទទួលស្គាល់ថាលិខិតនោះពិតជាត្រឹមត្រូវស្របតាមច្បាប់ផងដែរ។
លោក ប៊ុត សប្បាយ មេឃុំពោធិ៍ បានប្រាប់ថា ពាក់ព័ន្ធនិងដីធ្លីរបស់ពលរដ្ឋក្នុងឃុំត្រងិលមូយចំនួនបច្ចុប្បន្ន ត្រូវបានកាត់ព្រំរដ្ឋបាលមកឲ្យឃុំពោធិ៍គ្រប់គ្រង គឺកាត់ព្រំរដ្ឋបាលតាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បើចង់ធ្វើឯកសារផ្សេងៗពាក់ព័ន្ធ និងដីធ្លីខាងលើនេះគឺត្រូវមកធ្វើនៅឃុំពោធិ៍ ចំពោះឯកសារពាក់ព័ន្ធនិងការកាត់ព្រំរដ្ឋបាលលោករកមិនឃើញនោះទេ។
លោក ឈឺន ព្រួញ ប្រធានការិយាល័យភូមិបាលស្រុកកំពង់លែង បានបញ្ជាក់ថា កន្លងមកលោកធ្លាប់ចេញលិខិត និងផែនទីបង្ហាញទីតាំងដីទទួលស្គាល់ការកាន់កាប់ដីធ្លីរបស់ពលរដ្ឋក្នុងភូមិត្រងិល ឃុំត្រងិល ជាច្រើនគ្រួសារពិតមែន ដែលបច្ចុប្បន្នដីរបស់ពួកគាត់មួយចំនួនកំពុងមានទំនាស់ជាមួយពលរដ្ឋឃុំពោធិ៍ តែលោកក៏នៅតែទទួលស្គាល់លិខិតកាន់កាប់ដីធ្លីរបស់ពលរដ្ឋឃុំត្រងិល ដែលចេញដោយការិយាល័យភូមិបាលស្រុកកំពង់លែង ចាត់ទុកជាបានការដដែល។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានបញ្ជាក់ថា ពាក់ព័ន្ធដីទំនាស់ខាងលើនេះ កន្លងមកលោកព្យាយាមសម្របសម្រួលជាច្រើនលើកច្រើនសារហើយតែភាគីទាំងសងខាងមិនត្រូវគ្នា ដោយភាគីពលរដ្ឋឃុំពោធិ៍នៅតែទាមទារ ចែកភាគរយជាមួយពលរដ្ឋឃុំត្រងិល។
ចំពោះការកាត់ព្រំរដ្ឋបាលរវាងឃុំត្រងិល ទៅឱ្យឃុំពោធិ៍គ្រប់គ្រងកន្លងមកលោកក៏ទទួលស្គាល់ដែរ តែលោកបញ្ជាក់ថា លោកមិនមានឯកសារពាក់ព័ន្ធនឹងការកាត់ព្រំរដ្ឋបាលនោះទេ។ លោកបញ្ជាក់ទៀតថា ករណីទំនាស់ដីធ្លីនេះលោក អភិបាលខេត្ត បានបញ្ជាឲ្យលោកធ្វើរបាយការណ៍បន្ទាន់ ដាក់ជូនលោកអភិបាលខេត្ត ដើម្បីលោកពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋវិញម្ដង ព្រោះរដ្ឋបាលស្រុកមិនអាចដោះស្រាយបាន។
ក្នុងរបាយការណ៍របស់លោកអភិបាលស្រុកកំពង់លែង ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្ដែង និងសាកសួរព័ត៌មានដល់ទីតាំងដីនៅចំណុចខាងលើនេះឃើញថា ដីទំនាស់នេះប្រជាពលរដ្ឋនៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ជាអ្នកកាន់កាប់ និងអាស្រ័យផលជាយូរមកហើយ និងមានដាំដំណាំដើមស្វាយ និងដើមស្វាយចន្ទីធំៗទៀតផង ក្នុងនោះពលរដ្ឋក្នុងឃុំត្រងិលមួយចំនួនមានទាំងលិខិត កាន់កាប់ដីធ្លីពីអាជ្ញាធរភូមិ-ឃុំនិងការិយាល័យភូមិបាលស្រុកទៀតផង។
លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ករណីដែលអាជ្ញាធរឃុំ និងរដ្ឋបាលស្រុកកំពង់លែង អះអាងប្រាប់ប្រជាពលរដ្ឋថា មានការកាត់ព្រំរដ្ឋបាលរវាងឃុំត្រងិល និងឃុំពោធិ៍ នៅក្នុងអាណិតលោកជា អភិបាលខេត្ត គឺមិនមានការកាត់ព្រំរដ្ឋបាលឃុំទាំង២ខាងលើនេះទេ។
ចំពោះករណីវិវាទដីធ្លីនៅក្នុងស្រុកកំពង់លែងខាងលើនេះ ដោយសារកន្លងមកខាងរដ្ឋបាលស្រុកបានស្នើសុំទុកដោះស្រាយនៅរដ្ឋបាលស្រុកសិន តែបើរដ្ឋបាលស្រុកដោះស្រាយអស់លទ្ធភាពហើយ នៅតែមិនអាចដោះស្រាយបាន លោកនិងអោយលោក អភិបាលស្រុកកំពង់លែង ធ្វើរបាយការណ៍បញ្ជូនមករដ្ឋបាលខេត្តជាបន្ទាន់ លោកនឹងពិនិត្យហើយចាត់ឱ្យក្រុមការងារចុះដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់ដែលអាចធ្វើទៅបាន៕






































