ប្រកាសទទួលស្គាល់សមាភាពគណៈកិត្តិយស គណៈកម្មាធិការ អនុសាខាកាកបាទក្រហមស្រុកកំពង់រោទិ៍ និងក្រុមកាកបាទក្រហមឃុំទាំង១១
09-03-2026 14:38
(ស្វាយរៀង)៖ នៅព្រឹកទី៩ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី តំណាងលោក ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញប្រកាសសេចក្តីសម្រេចតែងតាំងទទួលស្គាល់សមាសភាពគណៈកិត្តិយសអនុសាខា ស្រុកកំពង់រោទិ៍ ចំនួន ៩អង្គ/នាក់ គណៈកម្មាធិការអនុសាខាចំនួន៩នាក់ និងក្រុមកាកបាទក្រហមឃុំទាំង១១ឃុំ ចំនួន៣៣នាក់។
ក្នុងឱកាសនោះ លោក សុច ពិសី ប្រធានគណៈកម្មាធិការអនុសាខា មានចំណាប់អារម្មណ៍ និងរាយការណ៍ពីសកម្មភាពនានារបស់អនុសាខាស្រុក។ លោក សរ វណ្ណា នាយកសាខា បានអាននូវសេចក្តីសម្រេចទទួលស្គាល់សមាសភាព គណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ដែលទើបតែប្រកាសទទួលស្គាល់ថ្មី ត្រូវខិតខំប្រឹងប្រែងលើការងារមនុស្សធម៌ ដើម្បីផលប្រយោជន៍ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ឲ្យបានទាន់ពេលវេលា។
លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត នាពេលកន្លងមកបានបំពេញបេសកកម្មមនុស្សធម៌ ជួយដោះស្រាយ និងឆ្លើយតបចំពោះរាល់ការលំបាករបស់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងក្នុងមូលដ្ឋានស្រុក បានទាន់ពេលវេលា និងទទួលបានលទ្ធផលជោគជ័យ ដែលលទ្ធផលនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់អនុសាខា ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ក្រោមការចង្អុលបង្ហាញ និងដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពឆ្លាតវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
បន្ថែមលើសពីនេះ លោកស្រី អនុប្រធានគណៈកម្មាធិការសាខា បានផ្ដាំផ្ញើដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ នូវការងារសំខាន់ៗមួយចំនួនដូចជា៖
* ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងគណៈកិត្តិយស គណៈកម្មាធិការអនុសាខា និងក្រុមប្រតិបត្តិឲ្យបានល្អប្រសើរ
* ត្រូវមានការសហការ និងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី ជាពិសេសរដ្ឋបាលស្រុក ក្នុងការបំពេញការងារមនុស្សធម៌ជួយអន្តរាគមន៍ដោះស្រាយទុក្ខលំបាក និងសេចក្ដីត្រូវការរបស់ប្រជាជនងាយរងគ្រោះ ក៏ដូចជាជនរងគ្រោះដោយសារគ្រោះថ្នាក់សង្គម និងគ្រោះធម្មជាតិ
* ខិតខំពង្រឹង បង្កើនសមត្ថភាព និងតម្រង់ទិសអនុវត្តរបស់មន្ត្រី បុគ្គលិកអនុសាខា និងក្រុមកាកបាទក្រហមឃុំទាំងអស់ ដើម្បីឲ្យប្រសិទ្ធភាពការងារកាន់តែប្រសើរឡើង
* បន្តពង្រឹងពង្រីកសមាជិក កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីឲ្យសកម្មភាពការងារមនុស្សធម៌របស់អនុសាខាកាន់តែមានភាពរស់រវើក ផុលផុស និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ សមាសភាពទាំងអស់ ក៏បានចូលរួមទទួលការផ្សព្វផ្សាយចំណេះដឹង និងដើម្បីជាសក្ខីភាពបញ្ជាក់អំពីអត្ថន័យសកម្មភាពមនុស្សធម៌ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងសកម្មភាពចម្រុះវិស័យ នៃកាកបាទក្រហមកម្ពុជា។ លោកស្រី ហៅ ច័ន្ទសិរិទេពី ចៅ ភិរុណ ក៏បានឧបត្ថម្ភដល់គណៈកិត្តិយស គណៈកម្មាធិការ អនុសាខាស្រុក សរុបថវិកា៥៤០,០០០រៀល៕


















