ក្រុមហ៊ុនកូរ៉េ ចាប់អារម្មណ៍គម្រោងអភិវឌ្ឍន៍វិស័យឧស្សាហកម្មអគ្គិសនី និងទូរគមនាគមន៍នៅកម្ពុជា
09-03-2026 14:56
(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគកូរ៉េ បានចាប់អារម្មណ៍គម្រោងអភិវឌ្ឍន៍ វិស័យឧស្សាហកម្មអគ្គិសនី និងទូរគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា។ បង្ហាញការចាប់អារម្មណ៍នេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោក សុខ វិបុល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងទីប្រឹក្សារាជរដ្ឋាភិបាល ជាមួយតំណាងក្រុមហ៊ុនកូរ៉េចំនួន៣ ដែលរៀបចំដោយក្រុមហ៊ុន JBK Irrigation និងក្រុមហ៊ុនថៃហាន។
លោក សុខ វិបុល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងទីប្រឹក្សារាជរដ្ឋាភិបាល បានឲ្យដឹងថា លោកសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមហ៊ុនធំៗ ចំនួន៣ នៃសាធារណៈរដ្ឋកូរ៉េ ដែលបានមើលឃើញពីបរិយាកាសធុរៈកិច្ច និងបរិយាកាសវិនិយោគវិជ្ជមាន នៅប្រទេសកម្ពុជា។
ក្រុមហ៊ុនធំៗទាំង៣នោះ រួមមាន៖ Hoban Group, Daehan Electric Wire បានសម្រេចចិត្តបោះជំហានចូលមកវិនិយោគ ក្នុងប្រទេសកម្ពុជា និងបានបង្ហាញវត្តមាននៅក្នុងកម្មវិធីថ្ងៃនេះ។ គោលបំណងនៃជំនួបកិច្ចពិភាក្សានេះ គឺធ្វើឡើង៖
*ទី១៖ ដើម្បីបង្កើត និងពង្រីកបណ្តាញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ ពាក់ព័ន្ធនឹងវិស័យថាមពលអគ្គិសនី បណ្តាញខ្សែកាបនិងខ្សែអគ្គិសនី
*ទី២៖ បង្ហាញអំពីទស្សនៈវិស័យ និងគោលដៅវិនិយោគរបស់ក្រុមហ៊ុនទាំង៣ និងរោងចក្រផលិតខ្សែអគ្គិសនី ខ្សែចម្លងចរន្តក្នុងដី និងបាតសមុទ្រ ព្រមទាំងឧបករណ៍ និងសម្ភារសំខាន់ចាំបាច់ផ្សេងទៀត ក្នុងវិស័យអគ្គិសនី និងទូរគមនាគមន៍។
បើតាមលោក សុខ វិបុល, យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាកូរ៉េ កាលពីឆ្នាំ២០២៣ សម្រេចបាន៧៥០លានដុល្លារអាមេរិក ដោយគ្រប់ដណ្តប់លើវិស័យវាយនភ័ណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិច កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម។
យោងលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន លោក សុខ វិបុល សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីជំនួបពិភាក្សាពិគ្រោះយោបល់រួចមក ទំនាក់ទំនងពាណិជ្ជកម្មមួយនេះ នឹងលេចចេញជារូបរាង នៅក្នុងប្រទេសកម្ពុជា ក្នុងពេលខាងមុខដ៏ខ្លីនេះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនី និងទូរគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគ ឲ្យកាន់តែប្រសើរឡើង ជាពិសេសធ្វើយ៉ាងណាប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសគោលដៅវិនិយោគលំដាប់ជួរមុខ សម្រាប់ក្រុមហ៊ុនកូរ៉េ។
លោកស្រី សុខ ផល្លឺ អគ្គនាយិកា ក្រុមហ៊ុន JBK Irrigation បានគូសបញ្ជាក់អំពីគោលបំណង នៃជំនួបកិច្ចពិភាក្សាថ្ងៃនេះ គឺធ្វើឡើង ដើម្បីបង្កើត និងពង្រីកបណ្តាញទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី រវាងក្រុមហ៊ុន Taihan Group និង ក្រុមហ៊ុន JBK Irrigation ពាក់ព័ន្ធនឹងវិស័យថាមពលអគ្គិសនី បណ្តាញខ្សែកាប និងខ្សែអគ្គិសនី។
បន្ថែមពីនោះទៀត បង្ហាញអំពីទស្សនៈវិស័យ និងគោលដៅវិនិយោគរបស់ក្រុមហ៊ុនទាំងបី និងរោងចក្រ ផលិតខ្សែអគ្គិសនី ខ្សែចម្លងចរន្តក្នុងដី និងបាតសមុទ្រ ព្រមទាំងឧបករណ៍ និងសម្ភារៈសំខាន់ចាំបាច់ផ្សេងទៀត ក្នុងវិស័យអគ្គិសនី និងទូរគមនាគមន៍៕













