អ្នកលេងព្យាណូដ៏ល្បីលើពិភពលោក និងព្រះនាង នរោត្តម ជេនណា រួមគ្នាប្រគំតន្ត្រីរៃអង្គាសថវិកាដើម្បីសប្បុរសធម៌
09-03-2026 15:01
(ភ្នំពេញ)៖ អ្នកលេងព្យាណូដ៏ល្បីរបស់ពិភពលោក លោក Julian Gargiulo និងព្រះនាង នរោត្តម ជេនណា ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយរបស់កម្ពុជា នឹងសម្តែងរួមគ្នា រៃអង្គាសថវិកា ដើម្បីសប្បុរសធម៌។
លោក Julian Gargiulo ជាអ្នកលេងព្យាណូ និងជាអ្នកនិពន្ធបទភ្លេងជនជាតិអ៊ីតាលី-អាមេរិក ដែលបានធ្វើដំណើរជុំវិញពិភពលោក។ តាមរយៈការសម្តែងរបស់លោក លោក Julian Gargiulo ទទួលបានការចូលទស្សនារាប់លានដង។ លោកធ្លាប់បានថតសំឡេងវីយូឡុងសូណាតារបស់គាត់ជាមួយ María Dueñas សម្រាប់ក្រុមហ៊ុនតន្ត្រីអាល្លឺម៉ង់ Deutsche Grammophon ថែមទៀតផង។
ការសម្តែងរួមគ្នារវាងលោក Julian Gargiulo និងព្រះនាង នរោត្តម ជេណា នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅសាលមហោស្រពកោះពេជ្រ វេលាម៉ោង ៦៖៣០នាទីល្ងាច។
ថវិការកបានពីការសម្តែងនេះ នឹងត្រូវបរិច្ចាគដើម្បីគាំទ្រដល់ការអប់រំរបស់សិស្សានុសិស្សនៃសាលាមិត្តភាពកម្ពុជា-ជប៉ុន និង IL NODO។
ការទិញសំបុត្ររបស់អស់លោកអ្នកចូលរួមទស្សនាការសម្តែងនេះ ជាការរួមចំណែកផ្តល់ពន្លឺត្រចះត្រចង់ដល់សិស្សកម្ពុជា៕




