រដ្ឋមន្ត្រី ហួត ហាក់ ចុះពិនិត្យ «អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ» ដើម្បីជំរុញទេសចរណ៍វប្បធម៌នៅស្ទឹងត្រែង
09-03-2026 15:14
(ស្ទឹងត្រែង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលទស្សនា និងពិនិត្យនូវស្ថានភាពជាក់ស្តែងនៅ «អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពអគារ ការអភិរក្ស និងលទ្ធភាពអភិវឌ្ឍន៍ឱ្យក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រសំខាន់មួយនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសព្រះរាជបណ្ណាល័យដ៏មានតម្លៃមួយនេះ បានតម្កល់សៀវភៅដ៏សម្បូរបែប រួមមាន៖ ប្រវត្តិសាស្រ្ត, បរិស្ថាន, បច្ចេកវិទ្យា, ទស្សនវិជ្ជា និងមាតិកាផ្សេងៗទៀតផង។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលរចនាសម្ព័ន្ធអគារ បរិវេណជុំវិញ និងស្ថានភាពប្រើប្រាស់ជាក់ស្តែង ព្រមទាំងបានស្តាប់របាយការណ៍ពីមន្ត្រីពាក់ព័ន្ធអំពីប្រវត្តិ ការគ្រប់គ្រង និងសកម្មភាពថែរក្សាអគារមរតកដ៏មានតម្លៃនេះ។
រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ការអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ គឺជាកត្តាសំខាន់មួយក្នុងការជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់អត្តសញ្ញាណជាតិ ព្រមទាំងបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ក្នុងការថែរក្សា កែលម្អបរិវេណដើម្បីអភិរក្សសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងបង្កើនសក្តានុពលទេសចរណ៍នៅតំបន់ឆ្ងាយៗនៃប្រទេសកម្ពុជា និងរៀបចំឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
























