នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កោតសរសើរការខិតខំប្រឹងប្រែងរបស់ក្រុមការងារនារី ប្រចាំនៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការងារបានយ៉ាងខ្ជាប់ខ្ជួន និងមានទំនួលខុសត្រូវខ្ពស់
09-03-2026 15:55
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្រី ឆាយ សាលីន នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ពិសេសបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានលើកយកប្រសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅក្នុងទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលបានប្រកាសគាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងតម្លៃស្ត្រីក្នុងជួរនគរបាលជាតិ ដោយឈរលើគោលការណ៍សមធម៌ និងគុណាធិបតេយ្យ។
លោកនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានមើលឃើញ ការខិតខំប្រឹងប្រែងរបស់ក្រុមការងារនារី ប្រចាំនៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការងារបានយ៉ាងខ្ជាប់ខ្ជួន និងមានទំនួលខុសត្រូវល្អ ដោយចំណាយទាំងកម្លាំងកាយ និងចិត្ត ក្នុងការខិតខំពង្រឹងការងាររបស់ខ្លួន រួមទាំងចូលរួមយ៉ាងសកម្មក្នុងការងារស្នូល និងជាជំនួយក្នុងការងារបង្រ្កាបបានយ៉ាងមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណេះ ក៏បានចូលរួមប្រជុំជាមួយនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ជាការលើកមុខមាត់របស់មន្ទីរផងដែរ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបន្តថា នៅក្នុងដើមឆ្នាំថ្មី២០២៦នេះ យើងនឹងយកចិត្តទុកដាក់បន្ថែមទៀតដល់នគរបាលនារី ក្នុងការផ្តល់ រង្វាន់ លើកទឹកចិត្តដល់នគរបាលនារីដែលបានខិតខំប្រឹងប្រែងកន្លងមក ដោយផ្តល់ជាគ្រឿងឥស្សររិយស លិខិតសរសើរ និងការដំឡើតួនាទីទៅតាមស្នាដៃ និងពេលវេលា។ ដូច្នេះសូមនគរបាលជានារី ព្យាយាមបំពេញនូវការងាររបស់ខ្លួន ឲ្យមានការអភិវឌ្ឍន៍ និងបន្តពង្រឹងសមត្ថភាពបន្ថែមទៅមុខទៀត៕













