នាយឧត្តមសេនីយ៍ ម៉ក់ សារុន នាំយកអំណោយចែកជូនដល់បងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅសង្កាត់គោកចក ក្រុងសៀមរាប
09-03-2026 16:12
(សៀមរាប)៖ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ បាននាំយកអំណោយជាស្បៀងអាហារ និងថវិកា ចែកជូនដល់ជនភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងវត្តប្រាសាទគោកចក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រមាណជិត៥០គ្រួសារ នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានលើកឡើងថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នាទៅវិញទៅមកទាំងសម្ភារៈ និងស្មារតីក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ។
នាយឧត្តមសេនីយ៍ បានបន្តថា អំណោយដែលនាំយកមកចែកនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាក និងខ្វះខាតទាំងឡាយនៅចំពោះមុខ។ អំណោយជាស្បៀងអាហារ របស់ប្រើប្រាស់ និងថវិកា ដែលចែកជូននាពេលនេះ គឺជាទឹកចិត្តអាណិតស្រឡាញ់របស់ភរិយារួមនឹងក្រុមគ្រួសាររបស់នាយឧត្តមសេនីយ៍ផ្ទាល់។
នាយឧត្តមសេនីយ៍ ម៉ក់ សារុន ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាក្នុងគ្រាលំបាកនេះ ប្រសិនបើមានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេ។
ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការ វត្តប្រាសាទគោកចក មានថេរដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តម សេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងក្រុមគ្រួសារ ដែលមានចិត្តសប្បុរសក្នុងស្មារតីខ្មែរជួយខ្មែរ ដោយចូលរួមឧបត្ថម្ភគាំទ្រនូវធនធានផ្ទាល់ខ្លួនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួនមកស្នាក់នៅក្នុងវត្ត និងប្រជាពលរដ្ឋខ្វះខាតនៅក្នុងសង្កាត់គោកចកផងដែរ។
ព្រះគ្រូចៅអធិការ មានថេរដីកាបន្តថា គិតត្រឹមថ្ងៃទី០៩ ខែមីនានេះ ជនភៀសសឹកដែលបានបន្តស្នាក់នៅក្នុងវត្តប្រាសាទគោកចកគឺនៅសល់ចំនួន៣៤គ្រួសារ ដោយពួកគាត់មិនទាន់អាចវិលទៅលំនៅដ្ឋានវិញបាន ដោយសារថៃធ្វើរបងព័ទ្ធលំនៅដ្ឋាន និងខ្លះទៀតផ្ទះត្រូវខូចខាត ហើយសមត្ថកិច្ចនៅមូលដ្ឋានមិនទាន់អនុញ្ញាតឱ្យត្រឡប់ទៅវិញ។
ព្រះគ្រូចៅអធិការ មានថេរដីកាបញ្ជាក់ថា ក្រោមការទំនុកបម្រុងពីព្រះសង្ឃ គណៈកម្មការ និងអាជ្ញាធរមូលដ្ឋាន ក្នុងនោះដែរ បងប្អូនជនភៀសសឹក ទទួលទានអាហារ ០៣ពេលក្នុងមួយថ្ងៃផងដែរ។
ជាមួយនេះដែរ ព្រះគ្រូចៅអធិការ ក៏សូមអំពាវនាវដល់សប្បុរសជន សូមបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ទាំងស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីជួយផ្គត់ផ្គង់បន្តដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងវត្ត រួមនឹងទីតាំងផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តសៀមរាប៕


















