ក្រសួងពាណិជ្ជកម្ម បន្តណែនាំដល់ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ត្រូវលក់តាមតម្លៃដែលក្រសួងដាក់តាំងបង្ហាញជាសាធារណៈ និងព្រមានអនុវត្តច្បាប់ ចំពោះបុគ្គលខិលខូចណាដែលកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃ (Video inside)

09-03-2026 17:12

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូ និងបានប្រាប់ដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់ស្ថានីយ និងដេប៉ូចែកចាយខ្លួន កុំឆ្លៀតឱកាសដំឡើងថ្លៃ ខណៈមន្ដ្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម កំពុងបន្ដចុះពិនិត្យជាប់ជាប្រចាំ។

ដើម្បីធានាបាននូវតម្លាភាព នៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់ស្ថានីយ និងដេប៉ូ នៅក្នុងបណ្តាញចែកចាយរបស់ខ្លួន ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រង ការទិញ-លក់ប្រេងឥន្ធនៈ ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេកទេស និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។

លើសពីនេះ ដើម្បីពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ ស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ច មានជាអាទិ៍៖

១៖ កាតព្វកិច្ចរបស់ស្ថានីយ និងដេប៉ូចំពោះអតិថិជន
* ត្រូវលក់តាមតម្លៃដែលស្ថានីយ និងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈ ដោយយោងសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយជាគោល
* ត្រូវធានាសុក្រឹតភាពនៃគុណភាព និងបរិមាណប្រេងឥន្ធនៈ ដែលត្រូវលក់ជូនអតិថិជន
* ត្រូវធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិប្រេងឥន្ធនៈដែលមាន ជាពិសេសត្រូវជូនដំណឹងជាមុនយ៉ាងតិច ១ថ្ងៃ មកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត ក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិ (ស្តុក) ឬមានបំណងផ្អាកលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន
* ក្នុងករណីអស់សន្និធិ ត្រូវជូនដំណឹងជាសាធារណៈនូវថ្ងៃដែលមានសន្និធិប្រេងឥន្ធនៈវិញ។

២៖ កាតព្វកិច្ចរបស់ស្ថានីយ និងដេប៉ូចំពោះស្ថាប័នមានសមត្ថកិច្ច
* ត្រូវធានាតម្លាភាព និងគណនេយ្យភាព នៃសន្និធិប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ ដោយជូនដំណឹងមកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្តអំពីស្ថានភាពសន្និធិ ជាក់ស្តែង ១០% មុនពេលអស់សន្និធិ

* ចំពោះស្ថានីយ និងដេប៉ូដែលមានបំណងផ្អាកដំណើរការជាបណ្តោះ៖
ទី១៖ ត្រូវអនុវត្តតាមនីតិវិធីនៃការផ្អាកជាបណ្តោះអាសន្ន របស់ស្ថាប័នមានសមត្ថកិច្ច ទើបអាចផ្អាកការលក់ចែកចាយរបស់ខ្លួនបាន
ទី២៖ ចំពោះស្ថានីយ និងដេប៉ូ ដែលបានទទួលការវាយតម្លៃថា អាចដំណើរការឡើងវិញបាននោះ ត្រូវសហការ ជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីបំពេញនីតិវិធីបើកដំណើរការ
ទី៣៖ ក្នុងករណីដែលរកឃើញថា បានប្រព្រឹត្តខុសនឹងសេចក្តីណែនាំនេះ ស្ថាប័នមានសមត្ថកិច្ចនឹងបន្តអនុវត្តនីតិវិធី នៃច្បាប់ជាធរមាន

* ត្រូវផ្តល់អាទិភាព ក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់៖
ទី១៖ សេវាសាធារណៈចាំបាច់៖ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងរថយន្តបម្រើសេវាសាធារណៈ ។ល។
ទី២៖ ប្រជាកសិករ បុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម ដែលមានតម្រូវការចម្បងក្នុងការរក្សា ដំណើរការចាំបាច់នៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាន និងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបាន អនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ រួមទាំងអនុវត្តច្បាប់ ចំពោះបុគ្គលខិលខូចណា ដែលកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃ ដែលបង្កផលប៉ះពាល់ដល់សាធារណៈ៕