រដ្ឋបាលខេត្តសៀមរាប បើកិច្ចប្រជុំពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិកា ផែនការអនុវត្តរយៈពេល៥ឆ្នាំ ឆ្នាំ២០២៦
10-03-2026 07:38
(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិកា ផែនការអនុវត្តរយៈពេល៥ឆ្នាំ (ផអ៥) ឆ្នាំ២០២៦ និងពិនិត្យអំពីវឌ្ឍនភាព បញ្ហាប្រឈមក្នុងការអនុវត្តមុខងារដែលរាជរដ្ឋាភិបាលបានផ្ទេរជូនដល់រដ្ឋបាល ក្រុង ស្រុក។
កិច្ចប្រជុំនេះ ក្រោមវត្តមានរបស់លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ នាយកទីចាត់ការ និងតំណាងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងអភិបាលរងក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក ព្រមទាំងមន្រ្តីទទួលបន្ទុកការងារ ផអ៥ ក្រុង ស្រុកជាច្រើនចូលរួមផងដែរ។
លោក សុខ ថុល បានលើកឡើងថា រាជរដ្ឋាភិបាល បានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏ចាំបាច់ និងមានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបានបន្តថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបាន និងកំពុងធ្វើទំនើបកម្មយ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវប្រព័ន្ធ អភិបាលកិច្ចតាមរយៈកម្មវិធីកំណែទម្រង់នានា រួមមាន៖ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឬហៅថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ព្រមទាំងកំណែទម្រង់តាមវិស័យនានា។
លោកបន្តថា តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចគោលបំណង លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ ប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌ ថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។
លោកបន្ថែមថា រចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិមាន លក្ខណៈទំនើប ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗ។
ដោយឡែក ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ មានសិទ្ធិអំណាចសមស្រប និងសមត្ថភាពគ្រប់គ្រាន់សម្រាប់អនុវត្តមុខងារទាំងឡាយ ក្រោមការត្រួតពិនិត្យពីក្រុមប្រឹក្សារបស់ខ្លួន ដើម្បីធានាដល់ការពង្រឹងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យលើការងារសកម្មភាពរបស់មន្ទីរ-អង្គភាពនីមួយៗ ដែលបានអនុវត្តកន្លងមក ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា កែលម្អនូវចំណុចខ្វះខាតមួយចំនួន និងបង្កើនភាពសម្របសម្រួល និងការគាំទ្រដល់ការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។
ជាមួយនេះដែរ លោកក៏បានសំណូមពរដល់មន្ទីរអង្គភាព និងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ការបណ្ដុះបណ្ដាលសមត្ថភាពបន្ថែមដល់មន្រ្តី អង្កភាពរបស់ខ្លួន ជាពិសេសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងពីលទ្ធផលការងារដែលបានសម្រេចកន្លងមកក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕

















