ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង បើកវេទិកាសាធារណៈត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា នៅឃុំធម្មរាអរ

10-03-2026 11:54

(កំពង់ស្ពឺ)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង នៅព្រឹកថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២៦នេះ បានបានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា​ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឃុំធម្មរាអរ​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

វេទិកាសាធារណៈនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក ក្រុមការងារខេត្ត មន្ទីរ អង្គភាព ស្រុក ឃុំ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុក និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ក្រោមការដឹកនាំ និងសម្របសម្រួលពីប្រធានក្រុមការងារ វេទិកានេះបានជជែកពិភាក្សាយ៉ាងផលផុស លើការឆ្លើយតប និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលសម្រេចបាន និងកំពុងអនុវត្ត ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ ដោយក្នុងវេទិកានេះដែរ ប្រជាពលរដ្ឋបានលើកឡើងពីសំណើ សំណូមពរជាច្រើនផងដែរ៕