បណ្ឌិត ជា មុនីឫទ្ធិ៖ ចិនសាស្ត្រ ជាកម្លាំងបញ្ញាវប្បធម៌ជំរុញទំនើបកម្មសកល

10-03-2026 12:12

(ភ្នំពេញ)៖ ចិនសាស្ត្រ ឬការសិក្សាចិន គឺជាកម្មវត្ថុស្រាវជ្រាវសំខាន់របស់បណ្ឌិត ជា មុនីឫទ្ធិ តាំងពីឆ្នាំ២០០៩មក។ ក្នុងរយៈពេលជាច្រើនឆ្នាំ លោកបានបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ និងអត្ថបទវិភាគជាច្រើន តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយផ្តោតលើការយល់ដឹងអំពីអរិយធម៌ចិន និងតួនាទីរបស់ចិនក្នុងបរិបទអភិវឌ្ឍន៍សកល។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត មកកាន់បណ្ដាញព័ត៌មាន Fresh News។

លោកបណ្ឌិតយល់ថា នៅក្នុងបរិបទពិភពលោកដែលកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា និងអភិបាលកិច្ចសកល ការយល់ដឹងអំពីអរិយធម៌ និងគំរូអភិវឌ្ឍន៍របស់ប្រទេសធំៗកាន់តែមានសារៈសំខាន់។ ក្នុងចំណោមវិស័យសិក្សាដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ចិនសាស្ត្រ បានក្លាយជាវេទិកាបញ្ញាសំខាន់មួយសម្រាប់ការយល់ដឹងពីប្រទេសចិន និងតួនាទីរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍសកល។

ជាក់ស្តែង ចិនសាស្ត្រមិនមែនត្រឹមតែជាការសិក្សាអំពីភាសា វប្បធម៌ ឬប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិស័យចំណេះដឹងដែលអាចបកស្រាយអំពីទស្សនវិស័យអភិវឌ្ឍន៍ និងរបៀបគ្រប់គ្រងរបស់ប្រទេសចិន ក្នុងបរិបទសកលភាវូបនីយកម្ម។ តាមរយៈការសិក្សានេះ អ្នកស្រាវជ្រាវអន្តរជាតិអាចយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀបដែលប្រទេសចិនបានបំលែងខ្លួនទៅជាអំណាចសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងប្រព័ន្ធអន្តរជាតិ។

ការរៀបចំសន្និសីទអន្តរជាតិស្តីពីចិនសាស្ត្រ ចាប់តាំងពីឆ្នាំ២០២៣មក បានបង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសចិនក្នុងការលើកកម្ពស់ការសន្ទនារវាងអរិយធម៌។ ក្នុងសារអបអរសាទរទៅកាន់សន្និសីទនេះ ប្រធានរដ្ឋចិន Xi Jinping បានសង្កត់ធ្ងន់ថា ចិនសាស្ត្រអាចក្លាយជាវេទិកាសំខាន់សម្រាប់លើកកម្ពស់តម្លៃសកលដូចជា សន្តិភាព ការអភិវឌ្ឍ និងយុត្តិធម៌ តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រគ្នាទៅវិញទៅមក។

តាមទស្សនៈយុទ្ធសាស្ត្រ លោកបណ្ឌិត ជា មុនីឫទ្ធិ យល់ថា ចិនសាស្ត្រកំពុងក្លាយជាស្ពានតភ្ជាប់សំខាន់រវាងអរិយធម៌ចិន និងសហគមន៍អន្តរជាតិ។ ការស្រាវជ្រាវរបស់អ្នកសិក្សាចិនវិជ្ជា ពីជុំវិញពិភពលោកបានជួយពង្រឹងការយល់ដឹងអំពីអរិយធម៌ចិនដែលមានប្រវត្តិយូរជាង៥ពាន់ឆ្នាំ និងបង្កើតមូលដ្ឋានសម្រាប់ការសន្ទនាអរិយធម៌ ដែលមានសារៈសំខាន់ក្នុងការកាត់បន្ថយភាពខ្វែងគំនិតក្នុងប្រព័ន្ធអន្តរជាតិ។

ជារួម ចិនសាស្ត្រមានតួនាទីលើសពីវិស័យសិក្សាធម្មតា។ វាបានក្លាយជាវេទិកាបញ្ញាយុទ្ធសាស្ត្រមួយ ដែលជួយពង្រឹងការយល់ដឹងរវាងអរិយធម៌ និងជំរុញការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍។ ក្នុងន័យនេះ ចិនសាស្ត្រអាចត្រូវបានមើលឃើញថា ជាកម្លាំងបញ្ញាវប្បធម៌សំខាន់មួយ ដែលកំពុងរួមចំណែកជំរុញល្បឿននៃទំនើបកម្មសកល និងការកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ៕