លោកបណ្ឌិត ញិល រដ្ឋា៖ ផ្សែងសង្គ្រាមមជ្ឈិមបូព៌ា និងរងើកភ្លើងនៅព្រំដែន៖ តើថៃកំពុងប្រើយុទ្ធសាស្ត្រ «កន្ទុយបក់ឆ្កែ»?

10-03-2026 12:22

(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ច បានបង្ហាញនូវទស្សនជុំវិញ ផ្សែងសង្គ្រាមមជ្ឈិមបូព៌ា និងរងើកភ្លើងនៅព្រំដែន៖ តើថៃកំពុងប្រើយុទ្ធសាស្ត្រ «កន្ទុយបក់ឆ្កែ»? ដែលមានខ្លឹមសារដូចតទៅ៖

នៅពេលដែលក្រសែភ្នែកពិភពលោកកំពុងសម្លឹងទៅមើលពន្លឺភ្លើងកាំជ្រួច ដែលហោះកាត់មេឃក្រុងតេអេរ៉ង់ និងទីក្រុងទែលអាវីវ ស្រមោលយុទ្ធសាស្ត្រមួយកំពុងលូនកាត់ច្រកព្រំដែននៃអាស៊ីអាគ្នេយ៍។ ក្នុងពិភពនៃនយោបាយតថភាព, វិបត្តិឆ្ងាយសែនឆ្ងាយនៅមជ្ឈិមបូព៌ា មិនមែនគ្រាន់តែជាបញ្ហាតម្លៃប្រេង ឬសន្តិសុខថាមពលសម្រាប់កម្ពុជានិងថៃ ឬវៀតណាមនោះទេ ប៉ុន្តែវាគឺជា «ផ្សែង» ដ៏ល្អបំផុតសម្រាប់អនុវត្តយុទ្ធសាស្ត្រ «កន្ទុយបក់ឆ្កែ» (Wag the Dog)(ជាធម្មតានៅក្នុងភាសាខ្មែរ ធ្លាប់តែឮ «ឆ្កែកន្ទុយខ្វៀន»)។

នៅទីក្រុងបាងកក នយោបាយផ្ទៃក្នុងដែលកំពុងឡើងកម្ដៅ និងការប្រកួតប្រជែងអំណាចរវាងក្រុម កំណែទម្រង់ និងអ្នកនយោបាយអភិរក្ស អាចនឹងត្រូវការ «រងើកភ្លើងព្រំដែន» ដែលនៅងំមិនទាន់រលត់ ដើម្បីបង្វែរអារម្មណ៍សាធារណជនពីវិបត្តិសេដ្ឋកិច្ច ឬរឿងអាស្រូវនយោបាយក្នុងស្រុក។ នៅពេល «កន្ទុយ» (បញ្ហាព្រំដែន ឬជម្លោះតូចតាច) ចាប់ផ្ដើមគ្រវីយ៉ាងខ្លាំងក្លាតើ «ឆ្កែ» (អធិបតេយ្យភាព និងសន្តិភាពតំបន់) នឹងត្រូវរត់តាមទិសដៅណា?

១. យុទ្ធសាស្ត្រសន្តិសុខថាមពល៖ សរសៃឈាមក្នុងគ្រាអាសន្ន
ខណៈច្រកសមុទ្រ Hormuz ត្រូវបានរឹតបន្តឹងដោយសារជម្លោះរវាងមហាអំណាចដីគោកតំបន់ និងមហាអំណាចសមុទ្រសាកល តម្លៃថាមពលលែងគ្រាន់តែជាលេខនៅលើអេក្រង់សេដ្ឋកិច្ចទៀតហើយ ប៉ុន្តែវាបានក្លាយជា «អាវុធយុទ្ធសាស្ត្រ»។

ត្រង់ចំណុចនេះ យុទ្ធសាស្ត្រ «កន្ទុយបក់ឆ្កែ» (Wag the Dog) ចាប់ផ្ដើមដើរតួយ៉ាងសកម្ម។ តើការឡើងថ្លៃនៃប្រេងឥន្ធនៈ (កន្ទុយ) ត្រូវបានគេប្រើប្រាស់ដើម្បីគ្រវីការសម្រេចចិត្តនយោបាយដ៏ធំ (ឆ្កែ) ក្នុងការបែងចែកផលប្រយោជន៍ថាមពលដែរឬទេ? ឬមួយក៏ភាពតានតឹងនៅព្រំដែន គឺជា «ផ្សែង» ដែលគេបង្កើតឡើងដើម្បីបិទបាំងការចរចាដ៏ស្មុគស្មាញនៃសរសៃឈាមសេដ្ឋកិច្ចដែលនៅក្រោមបាតសមុទ្រ?

១.១. ខ្នងបង្អែក GCC និង BRICS៖ ការពង្រឹងមិត្តភាពដើម្បីធានាដង្ហើមថាមពល

ថៃបានសម្រុកពង្រឹងចំណងមិត្តភាពជាមួយបណ្តាប្រទេស GCC ដើម្បីធានាស្ថិរភាពនៃការនាំចូលថាមពល ដែលមានទំហំរហូតដល់ ៨៥% នៃតម្រូវការសរុប (ស្មើនឹងប្រមាណ ០,៣ លានបារ៉ែល/ថ្ងៃ និង LNG ២,២ លានតោន ពីមជ្ឈិមបូព៌ា)។ ទំហំនាំចូលនេះមានតម្លៃសរុបប្រហែល ៤,៧% នៃ ផ.ស.ស (GDP) របស់ថៃ ដែលរួមមាន៖
- អារ៉ាប់រួម (UAE)៖ ១៤,៧ ប៊ីលានដុល្លារ
- អារ៉ាប៊ីសាអ៊ូឌីត៖ ៣,៨៥ ប៊ីលានដុល្លារ
- សហរដ្ឋអាមេរិក៖ ៣,៥២ ប៊ីលានដុល្លារ
- ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី៖ ប្រមាណ ៤ ប៊ីលានដុល្លាររួមគ្នា។
ទន្ទឹមនឹងនេះ ថៃបានបោះជំហានយ៉ាងលឿនឆ្ពោះទៅរកប្លុក BRICS ជាពិសេស រុស្ស៊ី ដើម្បីស្វែងរកប្រភពថាមពលជំនួសក្នុងតម្លៃទាប និងកាត់បន្ថយហានិភ័យជាយថាហេតុ ប្រសិនបើច្រកសមុទ្រ Hormuz ត្រូវរងការបិទខ្ទប់ដោយសារភ្លើងសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់។

១.២. យុទ្ធសាស្ត្របង្វែរដាន៖ ថៃប្រើទំនាក់ទំនងជាមួយអារ៉ាប់ និងការចង់ចូលជាសមាជិក BRICS ដើម្បីបន្សាបសម្ពាធអន្តរជាតិ និងការរិះគន់ពីការដើរតាមបន្ទាត់នយោបាយអាមេរិកជ្រុលហួសហេតុ។ នេះគឺជាការសាង «រូបភាពអព្យាក្រឹតភាព» ដើម្បីបិទបាំងមហិច្ចតាពិតរបស់ខ្លួន។
តើការផ្អែកលើថាមពលមជ្ឈិមបូព៌ា និងការរត់រក BRICS ក្នុងពេលតែមួយ គឺជាការទិញ «សំបុត្រសុវត្ថិភាពពហុប៉ូល» ឬគឺជាការចងវាសនាសេដ្ឋកិច្ចថៃឱ្យស្ថិតនៅកណ្តាលចរន្តវិលវល់នៃជម្លោះមហាអំណាច?

២. ច្រកទ្វារ GCC និងមហិច្ចតា BRICS៖ ពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគរបស់ថៃ

សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរទម្រង់ ការងាកទៅរកប្លុកអំណាចថ្មីមិនមែនគ្រាន់តែជាជម្រើសពាណិជ្ជកម្មទេ ប៉ុន្តែវាគឺជា «យុទ្ធសាស្ត្ររស់រាន»។

ថៃប្រើប្រាស់យុទ្ធសាស្ត្រប្រសិទ្ធភាពបច្ចុប្បន្ន បង្ហាញខ្លួនជាដៃគូយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន៖

ក. អំណាចទន់ និងទីផ្សារ GCC៖ ការនាំចេញរថយន្ត (៣៧.៩%), គ្រឿងម៉ាស៊ីន (២៤.២%) និងអាហារ Halal (១០.៥%) គឺជាការទាក់ទាញចិត្តមហាសេដ្ឋីអារ៉ាប់។ តាមរយៈចក្ខុវិស័យ Saudi-2030 ថៃព្យាយាមក្រសោបយកការវិនិយោគឌីជីថល ដើម្បីធ្វើទំនើបកម្មឧស្សាហកម្មខ្លួនឱ្យលោតផ្លោះហួសពីអ្នកជិតខាង។

ខ. ការឈោងចាប់ BRICS និងមិត្តភាពរុស្ស៊ី៖ ដូចចិននិងឥណ្ឌា ថៃប្រើ រុស្ស៊ី ជាច្រកទ្វារសន្តិសុខថាមពលនិងកសិកម្ម រួមទាំងការទាក់ទាញទេសចរលំដាប់មធ្យមនិងខ្ពស់ ដើម្បីបង្កើតតុល្យភាពអំណាចសេដ្ឋកិច្ចជាមួយលោកខាងលិច។

គ. មេដែកឆក់ទាក់ទាញទុនពហុប៉ូល៖ ការបត់បែនរវាង GCC-BRICS បង្ហាញពីមហិច្ចតាក្លាយជា «មជ្ឈមណ្ឌលតភ្ជាប់» (Inter-regional Hub) ដែលបូមយកផលប្រយោជន៍ពីគ្រប់ទិសទី។
នៅពេលថៃសម្រុកទៅរក GCC និង BRICS តើកម្ពុជាគួរត្រៀមលក្ខណៈបែបណា ដើម្បីកុំឱ្យក្លាយជា «ត្រីតូច» ដែលត្រូវគេព្រលះអាំង ឬក្លាយជាចំណុះសេដ្ឋកិច្ចបម្រើមហិច្ចតាថៃ?

៣. ទេសចរណ៍សុខភាព និងវេជ្ជសាស្ត្រ៖ ការបង្កើត «ជម្រកសន្តិភាព»

ថៃប្រើប្រាស់រូបភាពប្រែក្លាយខ្លួនជាជម្រកដ៏មនោរម្យ និងសុវត្ថិភាពបំផុត៖
- ទេសចរណ៍សុខភាពនិងវេជ្ជសាស្ត្រ៖ ថៃក្លាយជាជម្រើសទី១ សម្រាប់មហាសេដ្ឋីអារ៉ាប់ និងប្លុក BRICS ដែលភៀសខ្លួនពីសង្គ្រាមឬអាកាសធាតុត្រជាក់។ នេះគឺជាការគ្រប់គ្រងមតិសាធារណៈ ដើម្បីបង្ហាញពិភពលោកថាថៃគឺជា «កោះសន្តិភាព» តែមួយគត់ក្នុងអាស៊ី។
បើថៃគឺជា «ជម្រកសន្តិភាព» ចុះហេតុអ្វីបានជាយុទ្ធសាស្ត្រយោធាគម្រាមកំហែងតាមព្រំដែនអ្នកជិតខាង បែរជាមានសភាពតានតឹងខុសធម្មតា?

៤. យុទ្ធសាស្ត្រ «កន្ទុយបក់ឆ្កែ» ក្នុងភូមិសាស្ត្រនយោបាយ
ជាទូទៅគេតែងតែនិយាយឆ្កែកន្ទុយខ្វៀន ប៉ុន្តែមិនមែនមានន័យដូចកន្ទុយបក់ឆ្កែឡើយ។ វាជាសិល្បៈនៃការប្រើ «យន្តការតូច» (សេដ្ឋកិច្ច) ដើម្បីបង្វិល «យន្តការធំ» (សន្តិសុខសាកល) ឬការចាប់អារម្មណ៍របស់សាធារណៈ៖
ក. មហាអំណាចជាខ្នងបង្អែកពហុប៉ូល៖ ថៃទាញយក អាមេរិក, GCC, និង BRICS ឱ្យមកឈរត្រួតគ្នាពីក្រោយខ្នងខ្លួន ដើម្បីសាង «ខែលការពារ» និង «អំណាចដាក់សម្ពាធ» ពង្រីកឥទ្ធិពលក្នុងអាស៊ាន។
ខ. យុទ្ធសាស្ត្របត់បែនតាមកាលៈទេសៈ៖ នៅពេលមានបញ្ហាជាមួយអ្នកជិតខាង គេនឹងប្រើគោលការណ៍កន្ទុយបក់ឆ្កែ ដើម្បីទាញមហាអំណាចទាំងនេះឲ្យចេញពីសាច់រឿង ហើយបង្ខំឱ្យអ្នកជិតខាងត្រូវតែបន្ទន់ឥរិយាបថតាមលក្ខខណ្ឌរបស់ខ្លួន(ទ្វេភាគី)។
តើសាមគ្គីភាពអាស៊ានអាចរឹងមាំបានទេ បើមានសមាជិកប្រើមហាអំណាចក្រៅតំបន់មកធ្វើជាខ្នងបង្អែក ដើម្បីគាបសង្កត់សមាជិកគ្រួសារអាស៊ានដូចគ្នា?

៥. ផ្សែងសង្គ្រាមមជ្ឈិមបូព៌ា៖ យុទ្ធសាស្ត្រ «បង្វែរដាន» ចេញពីព្រំដែនកម្ពុជា

មេរៀនដ៏គ្រោះថ្នាក់បំផុតដែលថៃបានរៀនសូត្រពីអាមេរិកនិងអ៊ីស្រាអែល គឺយុទ្ធសាស្ត្រលាបពណ៌សត្រូវជាបិសាច ដើម្បីសម្រេចមហិច្ចតាលើកម្ពុជា តាមរយៈរូបភាព៤យ៉ាង៖
ក. ការឡោមព័ទ្ធយោធា៖ ប្រើលេស «ការពារសន្តិសុខថាមពល» ដើម្បីពង្រាយទ័ពឡោមព័ទ្ធតំបន់ទាមទារត្រួតគ្នា (OCA) រំលោភព្រំដែនគោក និងប្រើបច្ចេកវិទ្យា AI ដាក់សម្ពាធលើដែនទឹក និងដែនអាកាសកម្ពុជា។
ខ. យុទ្ធសាស្ត្របង្ខូចឈ្មោះ៖ លាបពណ៌កម្ពុជាថាជា «ជម្រកនៃក្រុមអន្ធពាល និងការជួញដូរផ្លូវងងឹត» ដើម្បីបង្កើតភាពស្របច្បាប់អន្តរជាតិ ឱ្យខ្លួនឯងមានសិទ្ធិប្រើកម្លាំងបង្រ្កាបតាមចិត្តចង់។
គ. យុទ្ធសាស្ត្រ «កាត់ដង្ហើម» សេដ្ឋកិច្ច៖ ប្រើការបំភ័យកុំឱ្យកម្ពុជាហ៊ានជួញដូរឆ្ងាយទៅ អឺរ៉ាស៊ី ឬអឺរ៉ុប(ជើង ត្បូង) អាហ្រ្វិកខាងជើងនិងត្បូង ហើយបង្ខំឱ្យធ្វើពាណិជ្ជកម្មតែក្នុងរង្វង់ជិតខាង (វៀតណាម-ថៃ) ដើម្បីឱ្យកម្ពុជាក្លាយជា «ចំណុះសេដ្ឋកិច្ច» របស់គេទាំងស្រុង។
ឃ. ការបិទច្រករបៀងឯកតោភាគី៖ ថៃធ្វើពិពិធកម្មទីផ្សារសម្រាប់តែផលចំណេញខ្លួនឯង ខណៈព្យាយាមប្រើរបាំងបច្ចេកទេស និងការរឹតបន្តឹងព្រំដែន ដើម្បីបង្ខាំងឱ្យកម្ពុជាលក់តែកសិផលតម្លៃថោកឱ្យខ្លួនយកទៅកែច្នៃលក់បន្ត។

នៅចំពោះមុខយុទ្ធសាស្ត្រលាបពណ៌ និងការឡោមព័ទ្ធសេដ្ឋកិច្ច តើកម្ពុជាគួរប្រើ «អំណាចទន់» និងយុទ្ធសាស្ត្រ «ពិពិធកម្មទីផ្សារផ្ទាល់» បែបណា ដើម្បីទម្លុះរបាំងមហិច្ចតារបស់ថៃ-វៀតណាម?

សន្និដ្ឋាន៖ យុទ្ធសាស្ត្រ «កន្ទុយបក់ឆ្កែ» របស់ថៃក្នុងឆ្នាំ២០២៦ គឺជាសញ្ញាព្រមានដល់កម្ពុជាថា៖ «នៅពេលដែលកន្ទុយ (មជ្ឈិមបូព៌ា/BRICS) កំពុងគ្រវីបញ្ឆោតភ្នែកពិភពលោក នោះមាត់ឆ្កែ (មហិច្ចតាថៃ) កំពុងត្រៀមខាំត្របាក់ប្រយោជន៍អ្នកជិតខាងជាមិនខាន»។
តើយើងគ្មានជម្រើស ឬធ្វើត្រឹមជា «ត្រីតូច» ក្នុងស្រះអ្នកជិតខាងតែប៉ុណ្ណោះ?