មានពលរដ្ឋជាច្រើនកំពុងផុងខ្លួនជាមួយកម្ចីអនឡាញ អ្នកខ្លះចង់ធ្វើអត្តឃាតក៏មានព្រោះអស់លទ្ធភាពសង

10-03-2026 13:13

(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលកំពុងផុងខ្លួនជាមួយកម្ចីអនឡាញ បាន​ត្អូញ​ត្អែរអត់​លទ្ធភាពសងត្រឡប់ ដែលតម្រូវឱ្យបង់ការប្រាក់​ជា​ប្រចាំថៃ ឬប្រចាំសប្តាហ៍​ជា​មួយ​អត្រាការប្រាក់ខ្ពស់ ហើយត្រូវរងការគំរាម​ពី​ក្រុមហ៊ុនកម្ចីបង្ហោះ​ជារូបភាព​លើ​បណ្តាញសង្គម ឬហៅទូរស័ព្ទទៅ​កាន់​សាច់​ញាតិ និងមិត្តភក្តិជាដើម។ អ្នកកម្ចីខ្លះ​ព្រោះមិនអាចទ្រាំសម្ពាធ​នៃ​ភាពអាម៉ាស់ និងមិនមានដំណោះស្រាយ​មាន​បំណង​ធ្វើអត្តឃាតថែមទៀតផង។

ក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះព្រោះមិនចង់រងភាពអាម៉ាស់ តែចង់​បាន​ដំណោះស្រាយគេចផុតពីគារគំរាម និងសំឡុតពីអ្នកផ្តល់កម្ចី ដែលពួក​គេ​​ប្រដូច​ទៅ​នឹងព្រាយបិសាចតាមលងបន្លាចពួកគេរាល់ថ្ងៃនោះ អ្នក​កំពុង​ផុង​ខ្លួនជាមួយ​កម្ចីអនឡាញជាច្រើនរូប បានផ្ញើសារមកកាន់អ្នកសារ​ព័ត៌​មាន Fresh News ជួយរកដំណោះស្រាយ ឬបង្ហោះជាព័ត៌មានស្វែងរក​ដំណោះ​ស្រាយពីអាជ្ញាធ​រ​ពាក់​ព័ន្ធ ឬបានជាដំណឹងដល់ពលរដ្ឋដទៃ​ទៀត​កុំ​ឱ្យ​ផុងខ្លួនដូចជាពួកគេ។

អ្នកកំពុងផុងខ្លួនជាមួយកម្ចីអនឡាញទាំងនេះ បានរៀបរាប់មកថា អ្នកខ្លះ​ផ្តើម​កម្ចីដំបូង ដើម្បីដោះស្រាយបញ្ហា តែខ្លះទៀតផ្តើមកម្ចីដំបូង ក៏ព្រោះ​ក្រុមអ្នកផ្តល់​កម្ចីមកបញ្ចុះបញ្ចូលឱ្យពួកគេខ្ចី។

បើតាមអ្នកកំពុងផុងខ្លួនជាមួយកម្ចីអនឡាញទាំងនេះ បានឱ្យដឹងថា កម្ចីរបស់​ពួកគេភាគច្រើនធ្វើជាមួយកម្មវិធីលើទូរស័ព្ទដៃ ដែលហៅថា App មានដូច​ជា khmerLoan24, Mobi Loan, Luy Now, CashU, Cash Me, GetLoan, LionVIP, Spean Luy, HastyCredit និងកម្មវិធីជាច្រើន ផ្សេងទៀត។

តាមរយៈកម្មវិធីនេះ មុននឹងទទួលបានប្រាក់កម្ចី គេតម្រូវឱ្យអ្នកខ្ចី​បំពេញ​អត្ត​សញ្ញាណ លេខទូរស័ព្ទ និងរូបថតជាដើម។ តាមរយៈទិន្នន័យ​ទាំង​នេះ គេនឹង​យក​ទៅប្រើប្រាស់សម្រាប់គំរាមកំហែងសម្រាប់ទារការប្រាក់ ឬអ្នកខ្ចីបង់មិន​ទាន់ជាដើម។

យោងតាមព័ត៌មានពីអ្នកដែលកំពុងផុងខ្លួនជាមួយកម្ចីនេះ បានឱ្យដឹងថា អ្នកខ្លះ​កម្ចី​ដំបូងត្រឹម៥០ដុល្លារ ខ្លះក៏ច្រើនជាងនេះ ហើយគេតម្រូវឱ្យបង់​ការប្រាក់​រាល់​សប្តាហ៍។ ទឹកប្រាក់ ៣៥ដុល្លារ ត្រូវបង់ប្រមាណ ៥០ដុល្លារក្នុងមួយសប្តាហ៍។

អ្នកកម្ចីរៀបរាប់បន្តថា បើពួកគេរកលុយបង់មិនទាន់ទេនោះ គេក៏ណែនាំឱ្យទៅ​ខ្ចី​នៅ​ក្រុមហ៊ុនផ្សេងយកលុយមកសងពួកគេ។ ក្រុមហ៊ុនដែលអ្នកផ្តល់កម្ចីណែ​នាំ​បន្ត​បន្ទាប់នោះ ត្រូវបានដាក់ការសង្ស័យថា ជាក្រុមហ៊ុនតែមួយ។ អ្នកខ្ចីត្រូវធ្វើ​បែប​នេះជាបន្តបន្ទាប់ ធ្វើឱ្យបំណុលចេះតែកើន ខ្លះកើនដល់រាប់រយដុល្លារ ហើយអ្នក​ខ្លះ​​ទៀតកើនដល់រាប់ពាន់ដុល្លារក៏មាន។

អ្នកខ្ចីនៅពេលរកលុយសងមិនទាន់ ឬមិនព្រមខ្ចីបន្តតាមការណែនាំរបស់ពួក​គេ​ទេនោះ ក៏ត្រូវគេគំរាមយករូបថតចែកចាយលើបណ្តាញសង្គម ឬហៅទូរស័ព្ទ​ទៅ​កាន់​សាច់ញាតិ និងមិត្តភក្តិជាដើម។

ការផ្តល់កម្ចីអនឡាញ ត្រូវបានធនាគារជាតិ និងអាជ្ញាធរពាក់ព័ន្ធធ្លាប់បានអះ​អាង​រួចមកហើយថា ជាសកម្មភាពខុសច្បាប់ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋមិន​ឱ្យ​ស្វែងរកកម្ចីអនឡាញ​បែបនេះនោះឡើយ។

ការផ្តល់កម្ចីមានអត្រាការប្រាក់ខ្ពស់ មិនមានច្បាប់អនុញ្ញាតសម្រាប់ការធ្វើអាជី​វ​កម្ម ការយករូបភាពរបស់អ្នកខ្ចីទៅបង្ហោះលើទីសាធារណៈ ការបម្រើសម្តីគំរាម​កំហែង គឺសុទ្ធតែជាទង្វើផ្ទុយនឹងច្បាប់។

ដើម្បីគេចចេញពីការគំរាមកំហែង ឬការផុងខ្លួនកាន់តែជ្រៅក្នុងបំណុលនេះ សមត្ថ​កិច្ចជំនាញបានផ្តល់យោបល់ឱ្យអ្នកកំពុងផុងខ្លួនក្នុងកម្ចីនេះ ទៅប្តឹង​សមត្ថ​កិច្ចដូចជានគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាស្ថិតនៅក្រសួងមហាផ្ទៃ ឬនៅ​តាម​ស្នងការដ្ឋានខេត្តដែលពួកគេរស់នៅ។

ទន្ទឹមនឹងការរាយការណ៍នូវរឿងរ៉ាវផុងខ្លួនជាមួយកម្ចីអនឡាញ ក្រុមអ្នកខ្ចី ក៏បានបង្ហាញមកជាមួយនូវលេខទូរស័ព្ទរបស់ក្រុមអ្ន​កផ្តល់កម្ចីខុសច្បាប់នេះផង​ដែរ។ ពួកគេរំពឹងថា បានជាតម្រុយដល់សមត្ថកិច្ច ដើម្បីវែកមុខរកជនកំពុងធ្វើសកម្មភាពខុសច្បាប់ទាំងនេះ៕