ឆ្នាំ២០២៥ មន្ទីរពេទ្យបង្អែកបាទីខេត្តតាកែវ ទទួលអ្នកជំងឺចូលមកពិគ្រោះជិត១ម៉ឺននាក់ កើនឡើងជាង ១០០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤

10-03-2026 14:45

(តាកែវ)៖ លោកឱសថការី ជេត យន ប្រធានស្ដីទី នៃមន្ទីរពេទ្យបង្អែកបាទីខេត្តតាកែវ បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងមក មន្ទីរពេទ្យបង្អែកបាទី បានទទួលអ្នកជំងឺចូលមកពិគ្រោះជំងឺបានចំនួន ៧៨៥៨នាក់ និងសម្រាកព្យាបាលជំងឺចំនួន ៥ ៧២៦នាក់ កើនឡើងជាង ១០០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានអ្នកជំងឺចូលមកពិគ្រោះចំនួន ៤ ៩០៥នាក់ និងសម្រាកព្យាបាលមានចំនួន ២ ៤៩០នាក់។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃ១០ ខែមីនា ឆ្នាំ២០២៦នេះ លោកឱសថការី ជេត យន បានបញ្ជាក់ទៀតថា ការកើនឡើងនៃអ្នកជំងឺចូលមកពិគ្រោះ និងសម្រាកព្យាបាលនេះ បណ្ដាលមកពីសេវារបស់ មន្ទីរពេទ្យមានឧបករណ៍ទំនើប និងមានគ្រូពេទ្យឯកទេស សម្រាប់ព្យាបាលអ្នកជំងឺ ហើយម្យ៉ាងទៀតអាកប្បកិរិយារបស់គ្រូពេទ្យ ចំពោះអ្នកជំងឺក៏មានការប្រែប្រួលជាងមុនដែលពោលគ្រូពេទ្យតែងតែយកចិត្តទុកដាក់ និងប្រើប្រាស់សំដីសមរម្យដាក់អ្នកជំងឺ ដូចនៅមន្ទីរពេទ្យឯកជនផងដែរ។

លោកឱសថការី ជេត យន បញ្ជាក់ទៀតថា សម្រាប់អ្នកជំងឺមកពិគ្រោះ និងសម្រាកព្យាបាលគឺជិត ៩០ភាគ ជាអ្នកជំងឺដែលប្រើប្រាស់ប័ណ្ណ ប ស ស និងប័ណ្ណសមធម៌ និង ១០ភាគរយទៀត បានធ្វើការព្យាបាលដោយ បង់ប្រាក់ដោយផ្ទាល់ ហើយមន្ទីរពេទ្យ មិនមានការប្រកាន់ ឬរើសអើងមិ នយកចិត្តទុកដាក់ចំពោះអ្នកជំងឺប្រើប័ណ្ណ ប.ស.ស និងប័ណ្ណសមធម៌នោះទេ ពោលគឺបំរើសេវាព្យាបាលជំងឺជូនបងប្អូន ប្រជារដ្ឋដោយគ្មានការរើសអើងនោះទេ។

អ៊ំស្រី យុង នន មានទីលំនៅនៅឃុំកុមាររាជា ស្រុកបាទី ដែលមកទទួលសេវា នៅមន្ទីរពេទ្យបង្អែកបាទី បានប្រាប់ឲ្យដឹងថា អ៊ំស្រី បានប្រើប្រាស់ប័ណ្ណសមធម៌ ក្នុងមកបើកថ្នាំទឹកនោមផ្អែមជារៀងរាល់ខែ ហើយការមកបើកថ្នាំគឺមានការយកចឹត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដោយមិនបានប្រកាន់ថាមកបើកថ្នាំដោយប្រើប័ណ្ណសមធមនោះទេ៕