អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវឌ្ឍនភាព និងជំរុញការអភិវឌ្ឍ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
10-03-2026 14:46
(ពោធិ៍សាត់)៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានសាខាសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអភិវឌ្ឍ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ។
លោក ខូយ រីដា បានឱ្យដឹងថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ត្រូវបានចាប់ផ្តើមរៀបចំ និងសាងសង់ឡើងយ៉ាងសកម្មនៅអំឡុង ឆ្នាំ២០២០ និង២០២១ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ភូមិនេះត្រូវបានរៀបចំឡើង ដើម្បីទទួលសមាជិកអតីតយុទ្ធជន និងនិវត្តន៍ ដែលមានជីវភាពខ្វះខាត ឱ្យចូលមករស់នៅជាបន្តបន្ទាប់ ពោលគឺបន្ទាប់ពីការសាងសង់ផ្ទះរាប់រយខ្នង ត្រូវបានបញ្ចប់ជាស្ថាពរ ក្រោមការត្រួតពិនិត្យផ្ទាល់ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។
លោកអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃភូមិសាស្ត្រនេះ ដែលត្រូវបានចាត់ទុកជា ភូមិគំរូឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះថាតំបន់នេះទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងទទួលបានការចុះជួយគាំទ្រជាប់ជាប្រចាំពី លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន។
ឆ្លងកាត់ការចុះពិនិត្យជាក់ស្តែង លោក ខូយ រីដា ក៏បានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួន ដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការអភិវឌ្ឍភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឱ្យកាន់តែប្រសើរឡើង៖
*ទី១-ត្រូជំរុញឱ្យបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលចូលមករស់នៅជាក់ស្តែង ខិតខំបង្កបង្កើនផលលក្ខណៈគ្រួសារឱ្យបានកាន់តែច្រើន ដើម្បីទ្រទ្រង់ជីវភាព និងសន្តិសុខស្បៀង។
*ទី២-រៀបចំកែសម្រួលការងារសម្ព័ន្ធមេត្រីភាពឡើងវិញ ជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដោយយកចិត្តទុកដាក់ និងគិតគូរខ្ពស់ ចំពោះគ្រួសារអតីតយុទ្ធជន ឬនិវត្តន៍មានជីវភាពខ្វះខាត ដែលទើបចូលមករស់នៅផ្ទះថ្មី។
*ទី៣៖ លើកកម្ពស់ការធ្វើអនាម័យ បរិស្ថាន ជុំវិញលំនៅឋាន ធានាឱ្យបានស្អាតល្អ "ផ្ទះស្អាត គ្មានសំរាម" ដើម្បីសុខុមាលភាពនៃការរស់នៅ។
*ទី៤៖ ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបជាដាច់ខាត នូវរាល់បទល្មើសព្រៃឈើ និងការដឹកជញ្ជូនឈើខុសច្បាប់ (រួមទាំងឈើបង្គោលរបង ឬអុស) ក្នុងភូមិសាស្ត្រនេះ។
សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់មានអតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន៥,៦១៦នាក់ ក្នុងនោះចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន៤,៧១១នាក់ រួមមានជនពិការ ចំនួន១៦៥១នាក់, ជនបាត់បង់សមត្ថភាពការងារ ចំនួន៥៥នាក់, គ្រួសារជនពលី ចំនួន១,៨២៥នាក់ និងគ្រួសារមរណភាព ចំនួន៤៦៧នាក់។ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២៥ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូន បានចំនួន១,២៣៣ខ្នង ក្នុងនោះជំហានទី១ កាលពីឆ្នាំ២០២២ ចំនួន៦២៨គ្រួសារ និងជំហានទី២ ចំនួន៣០០ខ្នង ក្នុងនោះបានមកចាប់ឆ្នោត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦កន្លងទៅ ចំនួន២៥៣ខ្នង ស្មើនឹង២៥៣គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានផ្ទះមួយខ្នង ប្រវែង៧ម៉ែត្រx៥ម៉ែត្រ បន្ថែមបន្ទប់ទឹក និងផ្ទះបាយផងដែរ៕






















































