រដ្ឋមន្ត្រីសុខាភិបាល បើកសន្និបាតបូកសរុបវឌ្ឍនភាព និងសមិទ្ធិផលឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ និងលើកទិសដៅផែនការប្រតិបត្តិឆ្នាំ២០២៦ របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

10-03-2026 14:56

(ភ្នំពេញ)៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបវឌ្ឍនភាព និងសមិទ្ធិផលឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ និងលើកទិសដៅផែនការប្រតិបត្តិឆ្នាំ២០២៦ របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋារគារ ហ្គាឌិនស៊ីធី។

ក្នុងឳកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំពេញភារកិច្ចបម្រើសេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ប្រកបដោយគុណភាព ស័ក្តសិទ្ធភាព សុវត្ថិភាព ប្រសិទ្ធភាព ប្រកបដោយសមភាព មិនមានការរើសអើង ជាពិសេសការយកចិត្តទុកដាក់បម្រើសេវា ដោយផ្តោតទៅលើសុវត្ថិភាពអ្នកជំងឺជាចម្បង «ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់មន្ត្រីសុខាភិបាលទាំងមូល»។

លោកសាស្ត្រាចារ្យបានថ្លែងបន្តថា រយៈពេល១០ឆ្នាំ កន្លងទៅនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានការប្រែប្រួលវិវត្តឈានឡើងឥតឈប់ឈរ ទាំងលើការងារបច្ចេកទេស ការគ្រប់គ្រង ការបណ្តុះបណ្តាលមូលធនមនុស្ស និងការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តផ្សេងៗ។

មន្ទីរពេទ្យបានសាងសង់ ជាពិសេសអគារវេជ្ជសាស្ត្រមិត្តភាពកម្ពុជា-ចិន ដែលជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ ដែលយើងត្រូវចូលរួមថែទាំ ថែររក្សាការពារឱ្យនៅគង់វង្សល្អប្រសើរ។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី កោតសរសើរដល់មន្ទីរពេទ្យ ដែលបានបំពាក់បន្ថែមនូវឧបករណ៍ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ទំនើបៗ ក្នុងការធ្វើរោគវិនិច្ឆ័យឱ្យបានរហ័ស និងសុក្រឹតភាព អន្តរាគមន៍ទាន់ពេល បន្ថយហានិភ័យ បន្ថយការចំណាយ និងរយៈពេលសម្រាកពេទ្យរបស់អ្នកជំងឺ។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្តឱ្យមន្ទីរពេទ្យ បន្តការលើកកម្ពស់ការគ្រប់គ្រង និងលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ក្នុងពេលបម្រើសេវាថែទាំ និងព្យាបាល ពិសេសមធ្យោបាយសេវាបញ្ជូន សង្គ្រោះបន្ទាន់ និងប្រព័ន្ធទំនាក់ទំនងផ្សេងៗ ព្រមទាំងផ្តល់ការយកចិត្តទុកដាក់លើការធ្វើបដិសណ្ឋារកិច្ច ការគោរពនូវក្រមសីលធ៌មវិជ្ជាជីវៈ ការសន្តោស ក្តីករុណា និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំពោះវីរៈភាពអង់អាចក្លាហាន និងស្មារតីស្រឡាញ់ជាតិមាតុភូមិ ដែលមិនរាថយ សាមគ្គីភាពជាធ្លុងមួយ ក្នុងអំឡុងពេលសង្រ្គាមឈ្លានពានរបស់ប្រទេសថៃ នៅតាមបណ្តោយខេត្តជាប់ព្រំដែនកម្ពុជា ថៃ ទាំងក្រុមគ្រូពេទ្យនៅសមរភូមិមុខ ក៏ដូចជានៅក្នុងមន្ទីរពេទ្យផ្ទាល់ គឺជាកងទ័ពអាវសដ៏មោះមុត ក្លាហាន ហើយស្ថិតក្នុងឯកសណ្ឋាន «ស» ជានិច្ច។

ទន្ទឹមនឹងនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យ ក្នុងនាមជាមន្ទីរពេទ្យថ្នាក់ជាតិ សម្ព័ន្ធមេត្រីជាមួយនឹងខេត្ត ដែលតែងតែចុះទៅពិនិត្យផ្ទាល់ និងជួយឧបត្ថម្ភគាំទ្រ បំពេញបន្ថែមទាំងស្មារតី ការបណ្តុះបណ្តាលផ្នែកបច្ចេកទេស ឧបករណ៍ សម្ភារៈបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ ដើម្បីដោយផ្តោតលើសុវតិ្ថភាពជាចម្បង ដែលនេះវាបីដូចជាក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់បងចំពោះប្អូនៗដូច្នេះដែរ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវទស្សនទានមួយចំនួន ដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល យកទៅអនុវត្ត និងរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៦ និងបានសំណូមពរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកមន្ទីរពេទ្យទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារកសាងសមត្ថភាព និងការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត។

លោកសាស្រ្តាចារ្យបានសង្ឃឹមថា រយៈពេលពីរថ្ងៃនេះ អង្គសន្និបាតនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដែលបានមកពីការអនុវត្តជាក់ស្តែងរបស់វាគ្មិនទាំងអស់ ចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីទទួលបាននូវលទ្ធផលទៅតាមការគ្រោងទុក ដែលអាចយកទៅប្រើប្រាស់ជាចំណេះដឹងក្នុងការកែលម្អ និងរៀបចំផែនការការងាររបស់មន្ទីរពេទ្យឆ្នាំ២០២៦ ឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ក្នុងពិធីបើកសន្និបាតនេះ ជាលើកទីមួយដែរលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់កិត្តិយស បំពាក់នូវគ្រឿងឥស្សរិយយស ការងារជាការលើកទឹកចិត្តជូនដល់មន្ត្រីរាជការ បុគ្គលិកសុខាភិបាល សរុបចំនួន ១៩៦នាក់ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក៕