ប្រកាសតែងតែងប្រធានមន្ទីររ៉ែ និងថាមពលថ្មីខេត្តក្រចេះ, លោក រ័ត្ន តុលា ជំនួសលោក សុខ គីរីរត្ន ដែលទទួលភារកិច្ចថ្មី
10-03-2026 15:00
(ក្រចេះ)៖ លោក អ៉ិត ប្រាំង រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសតែងតែងថ្មីប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ដោយលោក រ័ត្ន តុលា ជំនួសលោក សុខ គីរីរត្ន ត្រូវទៅទទួលភារកិច្ចថ្មីនៅក្រសួង។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លោក រ័ត្ន តុលា ត្រូវបានតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ជំនួសលោក សុខ គីរីរតន៍ ដែលត្រូវទទួលភារកិច្ចថ្មី។
ថ្លែងនាឱកាសនោះលោក វ៉ា ថន បានឱ្យដឹងថា វិស័យរ៉ែ និងថាមពលខេត្តក្រចេះ មានក្រុមហ៊ុនសហគ្រាសសិក្សាស្រាវជ្រាវរ៉ែលោហៈ ក្រុមហ៊ុនអាជីវកម្មរ៉ែមាស ក្រុមហ៊ុនអាជីវកម្មថ្មក្រានីតអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម និងអាជីវករធ្វើ អាជីវកម្មគ្រួស ខ្សាច់ ថ្មសំណង់ សរុបចំនួន ៥៦ក្រុមហ៊ុន/សហគ្រាស/អាជីវករ ស្មើនឹង ៦១អាជ្ញាបណ្ណ ក្នុងនោះក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន៣ក្រុមហ៊ុន ស្មើ៣អាជ្ញាបណ្ណ។
ក្រុមហ៊ុនធ្វើអាជីវកម្មថ្មកំបោរ សម្រាប់ផលិតស៊ីម៉ងត៍មានចំនួន ១ក្រុមហ៊ុន ស្មើនឹង ១អាជ្ញាបណ្ណ, ក្រុមហ៊ុនរុករករ៉ែលោហៈចំនួន ៨ក្រុមហ៊ុន ស្មើនឹង ៩អាជ្ញាបណ្ណ, ក្រុមហ៊ុនរ៉ែសំណង់ចំនួន ៣ក្រុមហ៊ុន ស្មើនឹង ៣អាជ្ញាបណ្ណ, ក្រុមហ៊ុនថ្ម អារមានចំនួន ១៤ក្រុមហ៊ុន ស្មើនឹង ១៨អាជ្ញាបណ្ណ, សហគ្រាសធ្វើអាជីវកម្មគ្រួស-ខ្សាច់មានចំនួន ៧សហគ្រាស ស្មើនឹង ៧អាជ្ញាបណ្ណ និងសិប្បកម្មជីកដីចល័តចំនួន ២០អាជីវករ ស្មើ២០អាជ្ញាបណ្ណ។ ខេត្តមានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ១កន្លែង ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ វិនិយោគិនមកពីប្រទេសចិន សម្រេចការចម្រាញ់មាសសុទ្ធចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកបច្ចុប្បន្នសរុបចំនួន ៤៧៧,៩៥១គីឡូក្រាម។
លោកអភិបាលខេត្ត បានជំរុញឱ្យលោកប្រធានមន្ទីថ្មី ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីក្រោមឱវាទ ព្រមទាំងបង្កើនកិច្ចសហការ និង ទំនាក់ទំនងល្អជាមួយដៃគូអភិវឌ្ឍ ក្រុមហ៊ុន/សហគ្រាស/អាជីវករដែលវិនិយោគក្នុងវិស័យ រ៉ែឱ្យបានល្អប្រសើរ បន្តចូលរួមជម្រុញលើកទឹកចិត្ត អប់រំ និងផ្សព្វផ្សាយដល់មន្ត្រី និងប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានឱ្យចូលរួមអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីរួមគ្នា ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
លោកណែនាំឲ្យពង្រឹងការគ្រប់គ្រង និងដឹកនាំមន្ត្រី ដោយអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ និងពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រី ខិតខំបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពដល់មន្ត្រីក្រោមឱវាទនិងបែងចែកប្រគល់ភារកិច្ចដល់មន្ត្រីគ្រប់ៗរូប ឱ្យស្របតាមសមត្ថភាព មុខជំនាញ និងតាមតួនាទីភារកិច្ចដែលមន្ត្រីទាំងនោះកំពុងបំពេញការងារសំដៅរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព ក្នុងអង្គភាពរបស់ខ្លួន ត្រូវបន្តពង្រឹងការទប់ស្កាត់ និងបង្ក្រាបការលុបបំបាត់ការធ្វើអាជីវកម្មរ៉ែ ខុសច្បាប់ និងអនាធិបតេយ្យ។
លោកថា ទន្ទឹមនឹងការផ្សព្វផ្សាយអប់រំ និងណែនាំជូនក្រុមហ៊ុនសហគ្រាស/អាជីវករ និងប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំបន្តពង្រឹង និងជំរុញការផ្តល់សេវារដ្ឋបាលនានាក្នុងវិស័យរ៉ែ និងថាមពលជូនដល់ប្រជាពលរដ្ឋឲ្យបាន ឆាប់រហ័ស ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព។
នាឱកាសនោះលោក អ៉ិត ប្រាំង បានបញ្ជាក់ថា ការបន្តនិរន្តរភាព និងពង្រឹងសមត្ថភាពដឹកនាំប្រធានមន្ទីរថ្មីត្រូវចេះប្រមូលផ្តុំកម្លាំងសាមគ្គីភាពផ្ទៃក្នុងជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបរិយាកាសការងារល្អ។
លោករដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើឱ្យមានកាយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តច្បាប់ ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ព្រមទាំងបទដ្ឋានគតិយុត្តនានារបស់ក្រសួងឱ្យបានខ្ជាប់ខ្ជួន ទប់ស្កាត់កាធ្វើអាជីវកម្មខុសច្បាប់ ត្រូវបង្កើនការចុះត្រួតពិនិត្យ និងចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងចំពោះការធ្វើអាជីវកម្មរ៉ែដែលគ្មានអាជ្ញាបណ្ណ ជាពិសេសការដ្ឋានខ្សាច់ និងការដ្ឋានរ៉ែផ្សេងៗក្នុងខេត្តធានាថាការប្រមូលកម្រៃសេវា និងសួយសារអាករពីវិស័យរ៉ែ ត្រូវបានធ្វើឡើងដោយតម្លាភាព ដើម្បីរួមចំណែកដល់ថវិកាជាតិ។
លោកថា «តួនាទីនេះមិនមែនត្រឹមតែជាបុណ្យស័ក្តិឡើយ ប៉ុន្តែគឺជាការទទួលខុសត្រូវ ដ៏ធ្ងន់ធ្ងរចំពោះមុខច្បាប់ និងប្រជាពលរដ្ឋ»។ ជាមួយគ្នានោះលោកបានស្នើសុំលោកអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត រដ្ឋបាលក្រុងស្រុក និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាបន្តជួយសហការ សម្របសម្រួល ជាមួយមន្ទីររ៉ែ និងថាមពល ដើម្បីអភិវឌ្ឍវិស័យរ៉ែ ថាមពល និងប្រេងកាត ក្នុងខេត្តក្រចេះ ឱ្យបានរីកចម្រើនជាបន្តបន្ទាប់៕








































