រដ្ឋមន្ត្រីសុខាភិបាល ឱ្យមន្ទីរពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត លើកកម្ពស់កិត្យានុភាពរបស់មន្ទីរពេទ្យ និងវិស័យសុខាភិបាល ពិសេសសុវត្ថិភាពអ្នកជំងឺ

10-03-2026 15:06

(ភ្នំពេញ)៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានថ្លែងថា ការធ្វើឲ្យដំណើរការរបស់មន្ទីរពេទ្យមួយបានប្រសេីរឡើង គឺអាស្រ័យលើភាពជាអ្នកដឹកនាំរឹងមាំ បុគ្គលិកមានសមត្ថភាពខ្ពស់ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការប្តេជ្ញាចិត្តក្នុងការបម្រើសេវាថែទាំព្យាបាលប្រកបដោយគុណភាព និងដោយគោរពនូវសេចក្តីថ្លៃថ្នូរជូនប្រជាជនយើង។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងបន្តថា «ខ្ញុំសំណូមពរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកមន្ទីរពេទ្យទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារកសាងសមត្ថភាព និងការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត ព្រោះកត្តាទាំងពីរនេះជាគោលការណ៍សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ជាទីបំផុត ក្នុងការលើកកម្ពស់កិត្យានុភាពរបស់មន្ទីរពេទ្យ និងវិស័យសុខាភិបាល តាមរយៈ ការធ្វើបច្ចុប្បន្នភាពសមត្ថភាពឱ្យបានទៀងទាត់ និងជាប្រចាំនូវវិធីសាស្ត្រ វិទ្យាសាស្ត្រថ្មីៗ ការបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង»។

ការលើកឡើងបែបនេះរបស់លោកសាស្ត្រាចារ្យ ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបវឌ្ឍនភាព និងសមិទ្ធិផលឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ និងលើកទិសដៅផែនការប្រតិបត្តិឆ្នាំ២០២៦ របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋារគារ ហ្គាឌិនស៊ីធី។

ក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់នូវទស្សនទានមួយចំនួន ដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល យកទៅអនុវត្ត និងរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៦ ជាអាទិ៍មាន៖

១៖ ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយថែរក្សា និងកែលម្អអគារ បរិវេណមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង។

២៖ លើកកម្ពស់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេសថ្មីៗ ដោយនវានុវត្តន៍ សមស្របទៅតាមកម្រិតនិយាមជាតិ និងអន្តរជាតិ។

៣៖ បន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើបដិសណ្ឋារកិច្ចរបស់បុគ្គលិក។

៤៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង វិន័យ ភាពទទួលខុសត្រូវ ក្នុងពេលបំពេញការងារ។

៥៖ ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងប្រព័ន្ធបញ្ជូន ប្រព័ន្ធទំនាក់ទំនងផ្សេងៗ។

៦) ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យ។

៧៖ មន្ទីរពេទ្យត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ ដើម្បីកែលម្អនូវចំណុចខ្វះខាត និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ ក្នុងការអភិវឌ្ឍឱ្យកាន់តែល្អថែមទៀត។

ជាមួយគ្នានោះលោកសាស្រ្ដាចារ្យ ឈាង រ៉ា ក៏បានសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំពេញភារកិច្ចបម្រើសេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ប្រកបដោយគុណភាព ស័ក្តសិទ្ធភាព សុវត្ថិភាព ប្រសិទ្ធភាព ប្រកបដោយសមភាព មិនមានការរើសអើង ជាពិសេសការយកចិត្តទុកដាក់បម្រើសេវា ដោយផ្តោតទៅលើសុវត្ថិភាពអ្នកជំងឺជាចម្បង «ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់មន្ត្រីសុខាភិបាលទាំងមូល»។

រយៈពេល១០ឆ្នាំ កន្លងទៅនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានការប្រែប្រួលវិវត្តឈានឡើងឥតឈប់ឈរ ទាំងលើការងារបច្ចេកទេស ការគ្រប់គ្រង ការបណ្តុះបណ្តាលមូលធនមនុស្ស និងការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តផ្សេងៗ។ មន្ទីរពេទ្យបានសាងសង់ ជាពិសេសអគារវេជ្ជសាស្ត្រមិត្តភាពកម្ពុជា-ចិន ដែលជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ជូនដល់កម្ពុជា ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ ដែលយើងត្រូវចូលរួមថែទាំ ថែររក្សាការពារឱ្យនៅគង់វង្សល្អប្រសើរ។

បន្ថែមពីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមកោតសរសើរដល់មន្ទីរពេទ្យ ដែលបានបំពាក់បន្ថែមនូវឧបករណ៍ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ទំនើបៗ ក្នុងការធ្វើរោគវិនិច្ឆ័យឱ្យបានរហ័ស និងសុក្រឹតភាព អន្តរាគមន៍ទាន់ពេល បន្ថយហានិភ័យ បន្ថយការចំណាយ និងរយៈពេលសម្រាកពេទ្យរបស់អ្នកជំងឺ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏សូមលើកទឹកចិត្តឱ្យមន្ទីរពេទ្យ បន្តការលើកកម្ពស់ការគ្រប់គ្រង និងលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ក្នុងពេលបម្រើសេវាថែទាំ និងព្យាបាល ពិសេសមធ្យោបាយសេវាបញ្ជូន សង្គ្រោះបន្ទាន់ និងប្រព័ន្ធទំនាក់ទំនងផ្សេងៗ ព្រមទាំងផ្តល់ការយកចិត្តទុកដាក់លើការធ្វើបដិសណ្ឋារកិច្ច ការគោរពនូវក្រមសីលធ៌មវិជ្ជាជីវៈ ការសន្តោស ក្តីករុណា និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ៕