ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅឃុំកាចូន ស្រុកវើនសៃ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

10-03-2026 15:07

(រតនគិរី)៖ លោក វ៉ាន់ សោភា អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី តំណាង លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី រួមដំណើដោយលោក ឌឹម ណាត នាយកប្រតិបត្តិសាខា នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ១គ្រួសារ នៅភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។

លោក វ៉ាន់ សោភា បានផ្ដាំផ្ញើសាកសួរសុខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ញ៉ែម សំអឿន ជូនដល់ក្រុមគ្រួសាររងគ្រោះដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរ និងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើត ដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសារងគ្រោះ។

លោកបានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ ប្រជាជនរងគ្រោះ១គ្រួសារ នាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាពេលនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ក្នុងឱកាសនោះ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះ អាកាសធាតុក្ដៅ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមាន ការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វ និងបានលើកទឹកចិត្តដល់ គ្រួសាររងគ្រោះ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសារបន្តទៀត។

អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសាររងគ្រោះនាពេលនេះ រួមមាន៖ អង្ករ ៦០ គីឡូក្រាម, មី១កេស ត្រីខ ១យួរ,ទឹកស៊ីអៀវ ១យួរ, ឃីត(មុង១ ភួយ១ សារុង១ ក្រហមា១), តង់១, កន្ទេល១ ឆ្នាំងបាយ១, ឆ្នាំងសម្ល១, ចានបាយ១០, ចានសម្ល១០,ស្លាបព្រា១០ និងថវិកា ចំនួន ២០ ម៉ឺនរៀល។ ដោយឡែក លោកញ៉ែម សំអឿន ក៏បានឧត្តម្ភថវិកា ២លានរៀល,សាលាខេត្ត អង្ករ ៥បេ, ក្នុង១បេ ២៥គីឡូក្រាម,បាកាស២កេស, ត្រីខ៥យួរ, ទឹកសុីអុីវ២, សៀង១យួរ និងទឹកសុទ្ធ២កេស។ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អង្ករ២៥គីឡូក្រាម,មី១កេស និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ។

គួររំលឹកថា អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលើ បានកើតកាលពីថ្ងៃទី០៦ ខែមីនា ២០២៦ វេលាម៉ោង៥៖៤៥ នាទីព្រឹក។ ម្ចាស់ផ្ទះមានឈ្មោះ ហឿង សាវុធ ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរហើយ ក៏មានកូនប្រុសម្នាក់ជា វីរកងព័ទឈរជើងនៅប្រាសាទតាមាន់ផងដែរ។ មូលហេតុដែលបានកើតឡើងគឺមកពីផ្ទុះហ្គាសដាំបាយហើយឆាបឆេះកានសាំងចំនួន ១កាន នៅក្បែចង្រ្កានបាយបណ្តាលឱ្យ ផ្ទះ១ខ្នង ទំហ៊ំ ៩គុណ ១១ម៉ែត្រ រួមនឹង សម្ភារ ទ្រព្យសម្បត្តិ ក្នុងផ្ទះទាំងអស់ ក្លាយជាចំណីអគ្គិភ័យទាំងស្រុង ប៉ុន្តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕