ស្រុកកំពង់លែង បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំស្វាយរំពារ មាន ៣ភូមិ និងមានចំនួន ៦.៥៧៧ក្បាលដី
10-03-2026 15:19
(កំពង់ឆ្នាំង)៖ ស្រុកកំពង់លែង បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំស្វាយរំពារ ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំងអស់ អញ្ជើញទៅពិនិត្យពិនិត្យផ្ទៀងផ្ទាត់ ដើម្បីកែតម្រូវមុនពេលចេញប័ណ្ណជាផ្លូវការជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលបានវាស់វែងជាលក្ខណៈប្រព័ន្ធរួចរាល់នាពេលកន្លងមក។
ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខាង លើនេះផងដែរ ក៏មានវត្តមានលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង។
លោកបានពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម ដើម្បីឲ្យពួកគាត់បានយល់ងាយស្រួលក្នុងការពិនិត្យទៅលើព័ត៌មានផ្សេងៗពាក់ព័ន្ធទៅនឹងក្បាលដីរបស់ពួកគាត់ដែលមន្ត្រីវាស់វែង បានធ្វើការរបស់វែងដីធ្លីជូនពួកគាត់កន្លងមក ក្រែងមានកំហុសឆ្គងណាមួយកើតឡើងដោយអចេតនា។
នៅក្នុងពិធីខាងលើនេះដែរ លោកអភិបាលរងខេត្ត ក៏បានលើកឡើងឲ្យដឹងផងដែរថា ការវាស់វែងដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនេះ គឺជាគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានជំរុញការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពល រដ្ឋឲ្យបានឆាប់រហ័ស ដើម្បីធានាសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងនោះអាជ្ញាធរខេត្តដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ បាននិងកំពុងជំរុញដល់មន្ត្រីពាក់ព័ន្ធឲ្យខិតខំដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការដោយឈរលើគោលការណ៍អព្យាក្រឹត្យនិងបន្តកែលម្អការផ្ដល់សេវាសាធារណៈឱ្យបានឆាប់រហ័ស និងមានតម្លាភាព។
តាមការបញ្ជាក់របស់មន្ត្រីសុរិយោដីខេត្តបានឲ្យដឹងថា ការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខាងលើនេះ គឺមានចំនួន ៣ភូមិ និងមានជំនួនចំនួន ៦.៥៧៧ក្បាលដី រៀបចំដោយមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ដឹកនាំដោយលោក លី សុភា ប្រធានមន្ទីរសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី និងដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកកំពង់លែង និងក៏មានប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីជាច្រើនបានអញ្ជើញចូលរួមផងដែរ។
ពិធីបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យដែលបានប្រមូលទិន្នន័យបានកន្លងមកមានចំនួន ៣ភូមិ គឺភូមិចំបក់ខ្ពស់, ភូមិជើងគ្រួស និងភូមិល្វា។ ក្នុងនោះ ភូមិចំបក់ខ្ពស់មានចំនួន ២.៦៤៩ក្បាលដី, ភូមិជើងគ្រួសមានចំនួន ៥០៩ក្បាលដី, និងភូមិល្វាមានចំនួន ៣៤១៩ក្បាលដី៕














