សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

10-03-2026 16:08

(ភ្នំពេញ)៖ លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថា បិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ អាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដែលរៀបចំឡើង ក្នុងគោលបំណងបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ដោយមានវត្តមានអ្នកចូលរួមប្រមាណ១៣០រូប ក្នុងនោះ រួមមានសមាជិកក្រុមប្រឹក្សាជាតិរបស់សមាគម, អតីតថ្នាក់ដឹកនាំសមាគម, តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥។

ក្រុមប្រឹក្សាជាតិអាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត មានចំនួន ៨៧រូប មកពី ៣ គណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងក្រុមប្រឹក្សារាជធានី ខេត្តអាណត្តិទី៤ គឺ៖ គណបក្សប្រជាជនកម្ពុជា ៧៧រូប គណបក្សឆន្ទះខ្មែរ ៨ រូប និងគណបក្សកម្លាំងជាតិ ២រូប។ ប្រធាន អនុប្រធានសមាគម គឺជាប្រធាន អនុប្រធានក្រុមប្រឹក្សាជាតិ។

នៅក្នុងរបាយការណ៍បូកសរុបកិច្ចប្រជុំ លោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានគូសបញ្ជាក់អំពីលទ្ធផលចំនួន ៤ ចំណុច៖

ទី១៖ ក្រុមប្រឹក្សាជាតិបានអនុម័តបំពេញបន្ថែមសមាសភាពសមាជិកក្រុមប្រឹក្សាជាតិ ចំនួនបី រូប។

ទី២៖ ក្រុមប្រឹក្សាជាតិបានពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៥ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៥។

ទី៣៖ ក្រុមប្រឹក្សាជាតិបានពិភាក្សា និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦ ដែលមានកិច្ចការជាអាទិភាពមួយចំនួនមានជាអាទិ៍៖ ការជំរុញការស្នើសុំទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ដើម្បីដាក់ចេញនូវអនុក្រឹត្យស្តីពីឯកសណ្ឋានបំពេញការងាររបស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ឱ្យបានចេញនៅក្នុងឆ្នាំ២០២៦, ការបណ្តុះបណ្តាល ក្រុមគ្រូឧទ្ទេសរបស់សមាគម និងការបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត, ការប្រឹក្សាយោបល់ជាមួយ គ.ក.ស.ក នៃរដ្ឋបាលខេត្ត និងការរៀបចំកិច្ចប្រជុំបូកសរុបការងារ គ.ក.ស.ក រាជធានី ខេត្ត ទាំង ២៥។

ទី៤៖ ក្រុមប្រឹក្សាជាតិបានស្វែងយល់អំពីកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ផអ៥ទី២ (២០២៦-២០៣០) តាមរយៈការធ្វើបទបង្ហាញ របស់លោក ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។

នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី សក់ សេដ្ឋា បានវាយតម្លៃថា សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ដោយមិនត្រឹមតែបានពិនិត្យ ពិភាក្សាលើសមិទ្ធផលសំខាន់ៗសម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារ សម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៦ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់អំពីបញ្ហាប្រឈម ដែលត្រូវបន្តដោះស្រាយក្នុងកម្រិតផ្ទៃក្នុងសមាគម ព្រមទាំងកំណត់នូវបញ្ហាប្រឈម និងសំណូមពរដែលត្រូវស្នើជូនរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យពិចារណាទាំងក្នុង កម្រិតក្របខណ្ឌបទដ្ឋានគតិយុត្ត និងទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីធានាឱ្យក្រុមប្រឹក្សារាជធានី ខេត្ត អាចប្រើប្រាស់សិទ្ធិ និងអនុវត្តតួនាទីរបស់ខ្លួន បានពេញលេញស្របតាមការកំណត់ ដោយច្បាប់រៀបចំអង្គការ។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជា «អង្គការ» តំណាងឱ្យសម្លេងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត និងជាស្ថាប័នធ្វើការលើកកម្ពស់ សមត្ថភាពរបស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត៕