សេវាកម្មរថភ្លើងដឹកអ្នកដំណើរចិន-កូរ៉េខាងជើង បើកដំណើរការឡើងវិញ ក្រោយផ្អាកអស់ ៦ឆ្នាំ (Video inside)
10-03-2026 16:14
(ប៉េកាំង)៖ ប្រតិបត្តិករក្រុមហ៊ុនធ្វើដំណើរ បានប្រាប់ AFP នៅថ្ងៃអង្គារ ទី១០ ខែមីនា ថាពួកគេបានដាក់លក់សំបុត្រធ្វើដំណើរ ពីចិនទៅកាន់កូរ៉េខាងជើងឡើងវិញហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៦ឆ្នាំ ដោយសារតែជំងឺកូវីដ១៩។
ប្រតិបត្តិករទេសចរណ៍នៅស្តង់លក់សំបុត្រផ្លូវការ ក្នុងទីក្រុងប៉េកាំង និងទីក្រុង Dandong ក៏ដូចជាទីភ្នាក់ងារទេសចរណ៍ Young Pioneer បានឱ្យដឹងថា រថភ្លើង នឹងចេញដំណើរពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ ដោយសំបុត្រមានលក់សម្រាប់ជនជាតិចិន ដែលកំពុងធ្វើការ និងសិក្សានៅក្នុងប្រទេសកូរ៉េខាងជើង និងសម្រាប់ជនជាតិកូរ៉េខាងជើង ដែលធ្វើការ សិក្សា និងទៅលេងក្រុមគ្រួសារនៅបរទេស។ យ៉ាងនេះក្តី អ្នកទេសចរ មិនអាចប្រើសេវាកម្មរថភ្លើងនេះបាននៅឡើយទេ។
គួរបញ្ជាក់ថា រថភ្លើងសម្រាប់ដឹកអ្នកដំណើររវាងប្រទេសទាំងពីរ ត្រូវបានផ្អាកដំណើរការនាដើមឆ្នាំ ២០២០ បន្ទាប់ពីកូរ៉េខាងជើងបិទព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ នៅឆ្នាំ ២០២២ រថភ្លើងដឹកទំនិញរវាងទីក្រុង Dandong និងទីក្រុង Sinuiju បានដំណើរការឡើងវិញ៕






