ទិវាអន្តរជាតិនារី​! ក្រសួងមុខងារសាធារណៈ រំលេចសារថ្លែងអំណរគុណ និងដឹងគុណដល់វីរកងទ័ព យុទ្ធជននារី និងស្រ្តីដែលជាម្តាយ ជាភរិយា ក្រុមគ្រួសារ និងសមាជិកវីរកងទ័ព

10-03-2026 16:50

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ នៃក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារីផងដែរ។

ក្រោយបានស្តាប់របាយការណ៍របស់លោកស្រី សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមកការងារយេនឌ័រ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងមុខងារសាធារណៈ ដោយបានបង្ហាញលទ្ធផលសង្ខេបសំខាន់ៗរបស់ក្រុមការងារយេនឌ័រ នៃក្រសួងមុខងារសាធារណៈ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យមុខងារសាធារណៈទាំងមូល។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីរាជការជាស្រ្តី ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងមោះមុត ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ ព្រមទាំងសកម្មភាពនៃការលើកកម្ពស់វិស័យយេនឌ័រក្នុងវិស័យមុខងារសាធារណៈ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏បានសម្តែងនូវក្តីនឹករលឹក និងការដឹងគុណបំផុតចំពោះវីរកងទ័ព និងកងកម្លាំងជួរមុខទាំងអស់ ជាពិសេសយុទ្ធនារី ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ជីវិត និងបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិ ការពារប្រជាជន​ដោយអង់អាចក្លាហាន និងពលីកម្មដ៏ខ្ពង់ខ្ពស់បំផុត។

លើសពីនេះ លោកក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្រ្តីដែលជាម្តាយ ជាភរិយា និងជាសមាជិកគ្រួសារនៃវីរកងទ័ព និងកងកម្លាំងនៅជួរមុខទាំងអស់ ដែលលះបង់ក្តីសុខ និងមនោសញ្ចេតនាផ្ទាល់ខ្លួន ដើម្បីផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង ជំរុញ លើកទឹកចិត្តដល់ស្វាមី ដល់ឪពុក បំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាតិមាតុភូមិកម្ពុជារបស់យើង ស្របទៅតាមពាក្យស្លោកថា «ស្ត្រីជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមថែរក្សាសន្តិភាព និងសន្តិសុខ»។

ដើម្បីបន្តការលើកកម្ពស់សមត្ថភាពយេនឌ័រនៅក្នុងវិស័យមុខងារសាធារណៈ ឱ្យកាន់តែទទួលបាននូវលទ្ធផលល្អ ជាពិសេសឆ្លើយតបទៅនឹងប្រធានបទ ក្នុងការលើកកម្ពស់សមត្ថភាពយែនឌ័រនៅឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ឱ្យបន្តគិតគូរ យកចិត្តទុកដាក់លើកត្តាមួយចំនួន ដូចតទៅ៖

*១៖ បន្តយកចិត្តទុកដាក់បង្កលក្ខណៈអំណោយផលដល់បេក្ខជនជាស្ត្រី ចូលរួមប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ទាំងក្រសួង​ ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
*២៖ បន្តអនុវត្តដោយយកចិត្តទុកដាក់ស្របតាមបទដ្ឋានគតិយុត្តក្នុងការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ផ្តល់គ្រឿងឥស្សរិយយស និងតែងតាំងមន្ត្រីរាជការស៊ីវិលដែលមានអតីតភាព សមត្ថភាព និងគុណវុឌ្ឍិសមស្របនឹងការងារទៅក្នុងមុខតំណែងគ្រប់កម្រិត
*៣៖ បន្តលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ជាស្ត្រី ទទួលបាននូវការបណ្តុះបណ្តាលនានា បង្កើនសមត្ថភាព និងជំនាញប្រតិបត្តិការងាររបស់ខ្លួន
*៤៖ បន្តអនុវត្តការងារបញ្ជ្រាបយែនឌ័រ និងលើកកម្ពស់សមត្ថភាពយេនឌ័រនៅក្នុងវិស័យមុខងារសាធារណៈ ឱ្យបានទូលំទូលាយ
*៥៖ សូមលើកទឹកចិត្តដល់ភរិយាជាថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការស្ត្រី នៃក្រសួងមុខងារសាធារណៈ ដែលមិនទាន់បានចូលរួមជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សូមបន្តចូលរួមឱ្យបានទាំងអស់គ្នា និងលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាបុរស ជួយគាំទ្រទាំងសម្ភារ និងថវិកា ដើម្បីគាំទ្រឱ្យសមាគមបន្តដំណើរការដោយរលូន និងទទួលបានភាពជោគជ័យ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំកម្ពុជា តែងតែរៀបចំប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូ ទាមទារសិទ្ធិសេរីភាព និងការឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល ការប្រឈម និងកាលានុវត្តភាពនានា និងបន្ថែមពីការប្តេជ្ញាចិត្ត ក៏ដូចជាវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមត្ថភាពយេនឌ័រ និងបង្កើននូវភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រីគ្រប់រូប៕