ក្រសួងសង្គមកិច្ច ចាប់ផ្ដើមយុទ្ធនាការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដល់រដ្ឋបាលឃុំ/សង្កាត់ នៅខេត្តព្រៃវែង
10-03-2026 19:27
(ព្រៃវែង)៖ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦នេះ ដោយទទួលបានការអនុញ្ញាតពី លោករដ្ឋមន្រ្តី ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សែម សុខា រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដល់រដ្ឋបាលឃុំ/សង្កាត់» ដែលមានការចូលរួមពី លោកអនុរដ្ឋលេខាធិការ លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង លោកស្រីអគ្គនាយករងស្តារសម្បទា ប្រធាន អនុប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធានមន្ទីរ ស.អ.យ. គ្រូបង្គោល មេឃុំ ចៅសង្កាត់ និងជនបង្គោលសរុបប្រមាណ ២៥០នាក់ នៅសាលប្រជុំសាលាខេត្តព្រៃវែង។
ថ្លែងនៅក្នុងសិក្ខាសាលានេះលោកស្រី ឡុង គន្ធា អភិបាលរងខេត្តព្រៃវែង បានឲ្យដឹងថា៖ «ក្រោមការដឹកនាំប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យពិការភាពមានការ អភិវឌ្ឍរីកចម្រើនគួរអោយកត់សម្គាល់ និងទទួលបានសមិទ្ធិផលធំធេងជាបន្តបន្ទាប់។ ស្ថានភាពរបស់ជនមានពិការនៅ កម្ពុជា មានភាពល្អឡើងជាលំដាប់ ដោយគោលយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្ត្រ និងសេវា នានាសម្រាប់ជនមានពិការភាព ត្រូវបានដាក់អោយអនុវត្តប្រកបដោយផ្លែផ្កា»។
លោកស្រីបានបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្តោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងយន្តការកិច្ចការពារ និង លើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនមានពិការភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ» និងដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ឈានទៅសម្រេចបាន ជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ក្នុងនាមរដ្ឋបាលខេត្ត លោកស្រី ឡុង គន្ធា បានប្តេជ្ញាជំរុញការអនុវត្តការផ្សព្វផ្សាយ ជម្រុញ និងការបង្កលក្ខណៈដល់កិច្ច ដំណើរការនៃការអនុវត្តផែនការ និងកម្មវិធីរបស់រាជរដ្ឋាភិបាល ក៏សូមស្នើដល់សិក្ខាកាម ដែលបានអញ្ជើញចូលរួមនា ថ្ងៃនេះត្រូវអនុវត្ត និងផ្សព្វផ្សាយបន្តអោយបានឱ្យបានគត់មុត និងទូលំទូលាយសំដៅបញ្ច្រាបការយល់ដឹងនេះបានដល់ អ្នកពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជាជនមានពិការភាព។
ជាការកត់សម្គាល់ តាមរយៈដំណើរការ នៃការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន មកដល់បច្ចុប្បន្ននៅក្នុងខេត្តព្រៃវែង សម្រេចបាននូវលទ្ធផល ជនមានពិការភាពដែលទទួលបានការសម្ភាសន៍ក្នុងកម្មវិធី ដោយឃុំសង្កាត់មានចំនួនសរុប៤៨,០៥៦នាក់ ដោយនៅក្នុងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុម័តរួចរាល់ ទទួលស្គាល់ចំនួន៤០,៣៣៩នាក់ ព្រមទាំងបានប្រគល់បណ្ណសម្គាល់ជនមានពិការភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាជនពិការសរុបចំនួន៣៨,៦១៦បណ្ណ ក្នុងនោះជនមានពិការភាព ដែលស្ថិតក្នុងគ្រួសារក្រីក្រ មានបណ្ណសមធម៌ កំពុងទទួលផលពីកម្មវិធីកញ្ចប់គ្រួសារសរុបចំនួន៦,៦៧៣នាក់ផងដែរ។
បច្ចុប្បន្ននេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តព្រៃវែង បានកំពុងពិនិត្យ និងកែតម្រូវទៅលើបញ្ហាខុស រឺខ្វះទិន្នន័យ និងអត្តសញ្ញាណរបស់ជនពិការ ដែលឃុំសង្កាត់បញ្ជូនមក ព្រមទាំងបានបញ្ជូនទិន្នន័យខុសមួយចំនួនទៅឃុំសង្កាត់វិញដើម្បីកែតម្រូវ រឺសម្ភាសន៍ ឡើងវិញម្តងទៀត មុននិងបញ្ជូនបន្តទៅថ្នាក់ជាតិ។ លើសពីនេះទៀតមន្ទីរកំពុងបន្តជម្រុញជាប្រចាំបន្ថែមទៀតដល់រដ្ឋ បាលឃុំសង្កាត់ដែលជាអ្នកអនុវត្តកម្មវិធីផ្ទាល់ បន្តពិនិត្យអោយបានខ្ជាប់ខ្ជួន ពីតម្រូវការចំបាច់នានារបស់ជនពិការជា ពិសេសបន្តសម្ភាសន៍បន្ថែមទៀត ករណីរកឃើញថាមានជនពិការដែលមិនទាន់បានសម្ភាន៍ចូលក្នុងកម្មវិធី។ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី ឡុង គន្ធា អភិបាលរងខេត្តព្រៃវែង។
សូមជម្រាបថា សិក្ខាសាលាស្តីពី ការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដល់រដ្ឋបាលឃុំ/សង្កាត់នេះ មានគោលបំណងដើម្បីស្នើដល់រដ្ឋបាលខេត្ត ធ្វើកិច្ចអន្តរាគមន៍ក្នុងការជំរុញដល់ឃុំសង្កាត់ក្នុងការចុះកំណត់អត្តសញ្ញាណកម្មពិការភាពឱ្យមានប្រសិទ្ធិភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះជនមានពិការភាព៕














