លោក រ៉ូហ្វី អូស្មាន ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន១៥០កញ្ចប់ និងផ្លែល្មើចំនួន៨០កេស ជូននិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ
10-03-2026 21:03
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ លោក រ៉ូហ្វី អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) រាជធានីភ្នំពេញ តំណាងទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានអញ្ជើញសំណេះសំណាល និងចែកអំណោយចំនួន ១៥០កញ្ចប់និងផ្លែល្មើចំនួន៨០កេសជូននិស្សិត នៅតាមបណ្តាសាកលវិទ្យាល័យទាំង១៨ នៅរាជធានីភ្នំពេញ ដែលជាសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC)។
ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំមកនូវការសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ថ្នាក់ដឹកនាំសមាគម ជូនដល់ប្អូនៗ និស្សិតទាំងអស់ ក្នុងឱកាសខែរ៉ាម៉ាឌនដ៏វិសុទ្ធ។ លោកបានបញ្ជាក់ថា អំណោយទាំងនេះទទួលបានពីអគ្គនាយកដ្ឋានគរុភណ្ឌសាសនា នៃក្រសួងគរុភណ្ឌសាសនា និងកិច្ចការឥស្លាម នៃរដ្ឋកាតា តាមរយៈស្ថានទូតកាតាប្រចាំកម្ពុជា សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ ដោយឡែក ផ្លែល្មើ គឺជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះចៅ សាល់ ម៉ាន់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ជាមួយគ្នានេះ លោកបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះប្អូនៗនិស្សិតទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមការងារសង្គមយ៉ាងសកម្មជាមួយសមាគម CMYA កន្លងមក ដើម្បីបម្រើផលប្រយោជន៍សហគមន៍ ដែលជាគំរូដ៏ល្អប្រពៃ ហើយការងារស្ម័គ្រចិត្ត គឺជាការសាងបទពិសោធន៍ជីវិត និងការពង្រឹងសាមគ្គីភាពក្នុងជួរយុវជនយើង។
លោកបានបន្តថា ពិភពលោកបច្ចុប្បន្នកំពុងដើរលឿនណាស់ ក្រៅពីមេរៀនក្នុងសាលា ប្អូនៗ ត្រូវពង្រឹងជំនាញបច្ចេកវិទ្យា ភាសាបរទេស និងសមត្ថភាពដោះស្រាយបញ្ហា និងបានផ្ដាំផ្ញើដល់ក្មួយៗនិស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ជួយអភិវឌ្ឍសហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ រដ្ឋកាតាបានផ្តល់ជំនួយកញ្ចប់អាហារស្រាយបួសសរុបចំនួន ២,៥០០កញ្ចប់ ខណៈដែលប្រទេសអារ៉ាប៊ីសាអូឌីត បានផ្តល់ជំនួយមនុស្សធម៌ជាផ្លែល្មើចំនួន ៣០តោន និងកញ្ចប់អាហារស្រាយបួសចំនួន ៨,៨៥០កញ្ចប់ សម្រាប់ចែកជូនដល់បងប្អូនសហគមន៍មុស្លិមកម្ពុជាទូទាំងប្រទេស និងមានអង្គការមកពីបណ្តាប្រទេសជាច្រើនទៀត៕




