កម្ពុជា ទឹកដីដែលមានប្រវត្តិសាស្ត្រច្បាស់លាស់  និងការពារដោយច្បាប់អន្តរជាតិ គ្មាននរណាបំពានបានឡើយ (Video inside)

11-03-2026 11:10

(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការ ព័ត៌​មាន និងសាធារណមតិ (គ.ស.ព.ស.) បានបញ្ចេញវីដេអូ មានរយៈពេល១០នាទី និង៤២វិនាទី មានចំណងជើងថា៖ កម្ពុជា ទឹកដីដែលមានប្រវត្តិសាស្ត្រ​ច្បាស់​លាស់ និងការពារដោយច្បាប់អន្តរជាតិដែលគ្មាននរណាបំពានបានឡើយ។

ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដ៏ចំណាស់មួយនៅអាស៊ីអាគ្នេយ៍​ដែលមាន​ប្រវត្តិ​សាស្ត្រ វប្បធម៌ និងអារ្យធម៌សម្បូរបែបនិងច្បាស់លាស់ មានបុព្វបុរស​ដ៏ពូកែ​ល្បីល្បាញ ជាអ្នកសាងទឹកដីនេះឱ្យមានរូបរាង និងថែរក្សាទឹកដីឱ្យនៅគង់វង្ស​រហូត​សព្វថ្ងៃ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​បាននិងកំពុងថែរក្សា ការពារ ទឹកដីនេះបន្តពីដូនតាយ៉ាងសកម្ម ក្លៀវក្លា ប្រឈម​នឹង​ការឈានពាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានមានប្រសាសន៍បញ្ជាក់ថា ការការពារ​ទឹក​ដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ហើយរាល់ការ​សម្រេច​ចិត្តទាំងអស់របស់រាជរដ្ឋាភិបាលគឺដើម្បីឧត្តមប្រយោជន៍ជាតិ​និងប្រជា​ជន។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដាច់ខាតមិន​បោះបង់​កាតព្វ​កិច្ច​ក្នុងការទាមទារទឹកដីឡើយ ហើយបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយ​សន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិដើម្បីធានានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងរយៈពេលយូរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្ស​ប្រជា​ជន​កម្ពុជាដែលជាបក្សកាន់អំណាចក៏បានបញ្ជាក់ច្បាស់ថា កម្ពុជានឹងមិនធ្វើ​សម្ប​ទាន​ណាមួយចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ ហើយកម្លាំង​មហាសាមគ្គីជាតិខ្មែរដ៏ខ្លាំងក្លាបានក្លាយជាខឿនការពារជាតិរបស់ប្រជាជនយ៉ាងរឹងមាំនៅពីក្រោយរាជរដ្ឋាភិបាល។

ដូច្នេះ ទឹកដីដ៏ស័ក្តិសិទ្ធិ ដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌សម្បូរបែប ច្បាស់លាស់ ហើយមានច្បាប់អន្តរជាតិការពារ មិនអាចត្រូវបានរំលោភបំពានដោយប្រទេសថៃបានឡើយ។ ទឹកដីខ្មែរ គឺជាកម្មសិទ្ធិរបស់ខ្មែរ ដែលត្រូវបានថែរក្សាការពារដោយបុព្វបុរសខ្មែរតាំងពីរាប់ពាន់ឆ្នាំមកហើយ និងត្រូវបានការពារដោយកូនខ្មែរជំនាន់នេះមិនឱ្យបាត់បង់ឡើយ៕

សូមទស្សនាវីដេអូទាំងស្រុង៖