ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ ចេញសារាចរអន្តរក្រសួង ស្តីពីការប្រើឯកសារសម្រាប់សម្គាល់អត្តសញ្ញាណបុគ្គល របស់អ្នកស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន (Video inside)
11-03-2026 11:52
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសារាចររួមគ្នា ស្តីពីការប្រើឯកសារសម្រាប់សម្គាល់អត្តសញ្ញាណបុគ្គល របស់អ្នកស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
នៅក្នុងសារាចររបស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថានាពេលកន្លងមក ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវសេចក្តីណែនាំជាបន្តបន្ទាប់សម្រាប់អនុវត្តមុខងារផ្តល់សេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៅរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ក្នុងនោះបានតម្រូវឱ្យប្រជាពលរដ្ឋខ្មែរដែលស្នើសុំសេវាត្រូវភ្ជាប់នូវឯកសារច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច។
លើមូលដ្ឋាននេះនៅពេលអនុវត្តការងារជាក់ស្តែងក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនមិនអាចដំណើរការបានដោយរលូនដែលតម្រូវឱ្យដាក់ចេញនូវវិធានការបន្ថែម ដើម្បីបង្កលក្ខណៈងាយស្រួល ឆាប់រហ័ស និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងន័យនេះក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន សូមផ្តល់ការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរ-អង្គភាពពាក់ព័ន្ធអំពីវិធានការមួយចំនួនដែលប្រជាពលរដ្ឋខ្មែរមានតម្រូវការស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ចាំបាច់ត្រូវភ្ជាប់មកជាមួយ នូវឯកសារណាមួយក្នុងចំណោមឯកសារដូចខាងក្រោម៖
* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងដោយត្រូវផ្តិតស្នាមខ្មៅដៃសាមីខ្លួនដោយផ្ទាល់នៅ ចំពោះមុខមន្ត្រីទទួលបន្ទុកផ្តល់សេវា និងត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើមសម្រាប់មន្ត្រីទទួលបន្ទុកធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់
* ឬលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលច្បាប់ដើមដែលចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
* លិខិតបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គលដែលចេញដោយអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម៕
ខាងក្រោមនេះជាសារាចររួមរបស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន៖












