សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋខ្វះខាត ចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយ ចំនួន១០០គ្រួសារ ក្នុងសង្កាត់រលាប

11-03-2026 13:18

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់, លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានដឹកនាំសមាជិក សមាជិកា និងមន្ត្រីប្រតិបត្តិសាខា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយ សរុបចំនួន១០០គ្រួសារ ដែលរស់នៅក្នុងមូលដ្ឋានភូមិរលាប និងភូមិអូរត្រាវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានកិត្តិយសសាខា និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចកាល សម្តេចរួមទាំងថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់អាហារ ឬរងគ្រោះដោយមិនមានការជួយជ្រោមជ្រែងនោះឡើយ។

លោកបានជម្រាបជូនថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ មិនរៀបចំធ្វើទិវានោះទេ គឺធ្វើតាមរយៈលិខិតអំពាវនាវ ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ គឺធ្វើឡើងតាមកម្លាំងសទ្ធា ក្នុងការជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមានកន្លងមក។

លោកអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋាន មិនមែនមានតែ១០០គ្រួសារនោះទេ គឺមានច្រើនទៀត ដូច្នេះនឹងជួបសំណេះសំណាលជាបន្តបន្ទាប់ទៀត ជាមួយបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។ លោក ហៀម ឃួន ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យខិតខំថែរក្សាសុខភាព រស់នៅដោយមានអនាម័យ និងបន្តប្រកបរបរចិញ្ចឹមជីវិតដោយការតស៊ូ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

តាមរយៈនេះដែរ លោកអនុប្រធានអចិន្ត្រៃយ៍ ក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ បន្តការយកចិត្តទុកដាក់អំពីសោភណ្ឌភាព អនាម័យ បរិស្ថានឱ្យបានគ្រប់ទីកន្លែង ដែលកន្លងមក លោក ខូយ រីដា បានខិតខំប្រឹងប្រែងដោយបានប្តេជ្ញាចិត្តថា ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់គ្មានសំរាម ទាំងនេះទាមទាឱ្យមានការចូលរួមគ្រប់តួអង្គ ជាពិសេសប្រជាពលរដ្ឋយើងព្រោះថាភាពស្អាតផ្តើមចេញពីយើងទាំងអស់គ្នា៕