អគ្គព្រះរាជអាជ្ញារង តុលាការកំពូល បង្ហាញជោគជ័យនៃបេសកកម្មលាតត្រដាងការពិតនៅទីក្រុងហ្សឺណែវ និងឧបសគ្គពេលត្រឡប់មកវិញ
11-03-2026 13:40
(ភ្នំពេញ)៖ អគ្គព្រះរាជអាជ្ញារង តុលាការកំពូល លោក ផាន់ វណ្ណរ័ត្ន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញពីជោគជ័យនៃបេសកកម្មលាតត្រដាងការពិតនៅទីក្រុងហ្សឺណែវ និងឧបសគ្គពេលត្រឡប់មកវិញ។
លោកបានលើកឡើងថា បេសកកម្មការពារយុត្តិធម៌ និងអធិបតេយ្យភាពជាតិនៅលើឆាកអន្តរជាតិ ត្រូវបានបញ្ចប់ទៅដោយលទ្ធផលដ៏មានមោទនៈបំផុត។ ក្នុងនាមជាអ្នកច្បាប់ដែលបានចំណាយពេលស្រាវជ្រាវយ៉ាងហ្មត់ចត់ អស់រយៈពេលជាច្រើនខែ មុននឹងឈានមកដល់សម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) លោកពិតជាមានមោទនភាពដែលបាននាំយក «ភស្តុតាងរឹងមាំ» ជម្រាបជូនពិភពលោក។
លោក ផាន់ វណ្ណរ័ត្ន បានឲ្យដឹងថា តបតាមការចាត់តាំងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយគណៈប្រតិភូដឹកនាំដោយលោក កែវ រ៉េមី បានសម្រេចនូវកិច្ចការងារជាប្រវត្តិសាស្ត្រមួយ រួមមាន៖
*កិច្ចពិភាក្សាទ្វេភាគីចំនួន ២៩លើក៖ ជាមួយតំណាង UN, អង្គការអន្តរជាតិ និងប្រទេសមហាអំណាច ដើម្បីបង្ហាញឱ្យឃើញថា «កំហុសឆ្គងពីសំណាក់ភាគីថៃ» ចាប់តាំងពីការបិទព្រំដែនឯកតោភាគីមកម្ល៉េះ មិនមែនប៉ះពាល់តែត្រឹមតែកម្ពុជាទេ គឺប៉ះពាល់ដល់ស្ថិរភាពអាស៊ានទាំងមូល។
*លាតត្រដាងការរំលោភបំពាន៖ ការប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16, Gripen វាយប្រហារលើជនស៊ីវិល និងប្រាសាទព្រះវិហារ (សម្បត្តិបេតិកភណ្ឌពិភពលោក) ព្រមទាំងអំពើហិង្សាលើពលករកម្ពុជា។
*ការពារសិទ្ធិជនភៀសសឹក៖ ការតស៊ូមតិជូនបងប្អូនជាង ៨០ ០០០នាក់ ដែលកំពុងរង់ចាំការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព និងយុត្តិធម៌។
លោក ផាន់ វណ្ណរ័ត្ន បានបន្តលើកឡើងពីឧបសគ្គថា ទោះជាជោគជ័យលើឆាកអន្តរជាតិ តែផ្លូវត្រឡប់មកវិញជួបឧបសគ្គមិននឹកស្មានដល់ ដោយសារស្ថានភាពសង្គ្រាមដែលកំពុងផ្ទុះឡើង ធ្វើឱ្យជើងយន្តហោះដែលត្រូវហោះកាត់ UAE ត្រូវបានផ្អាកភ្លាមៗ។ លោក និងសហការីម្នាក់ទៀត បានសម្រេចចិត្តប្តូរជើងហោះហើរ និងទិញសំបុត្រថ្មីក្នុងតម្លៃខ្ពស់កប់ពពកលើសពីការរំពឹងទុក។
លោក ផាន់ វណ្ណរ័ត្ន បានបន្ថែមថា ទោះបីត្រូវចំណាយទាំងកម្លាំងកាយ ចិត្ត និងថវិកាបន្ថែមក្នុងស្ថានភាពអាសន្ន ក៏យើងនៅតែមានមោទនភាពដែលបានសម្រេចភារកិច្ចជូនជាតិមាតុភូមិ។ ក្នុងចិត្តពេលនេះ គឺនឹកកូនៗ និងភរិយាខ្លាំងណាស់ ពិសេសក្នុងថ្ងៃ ៨ មីនានេះ តែទោះជាយ៉ាងណា ជោគជ័យជូនជាតិគឺជារង្វាន់ដ៏ធំបំផុតសម្រាប់គ្រួសារ។
លោក ផាន់ វណ្ណរ័ត្ន បានអរគុណបងប្អូនសម្រាប់ការគាំទ្រ និងលើកទឹកចិត្តជានិច្ច។ លោកបានបន្តថា នៅពីក្រោយសមិទ្ធផលទាំងនេះ សម្តេចធិបតី មិនមានប្រសាសន៍ច្រើនពីអ្វីដែលលោកកំពុងធ្វើនោះទេ ប៉ុន្តែតាមពិតទៅ បានចាត់ចែងការងារ និងយុទ្ធសាស្ត្រជាច្រើនដែលបងប្អូននឹកស្មានមិនដល់ ដើម្បីការពារប្រយោជន៍ខ្មែរយើង៕






















