សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពដល់ម្ចាស់អាជីវកម្ម ពីអនុលោមភាពភូតគាមអនាម័យ និងការបញ្ចៀសរបាំងបច្ចេកទេសពាណិជ្ជកម្ម
11-03-2026 14:29
(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយទទួលបានការគាំទ្រពី សហគ្រិនខ្មែរ នៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងគោលបំណង ផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ និងពង្រឹងសមត្ថភាព ដល់ម្ចាស់អាជីវកម្ម និងសហគ្រិន កម្ពុជា អំពីអនុលោមភាពភូតគាមអនាម័យ ដើម្បីធានាបាននូវសុវត្ថិភាពផលិតផលស្របតាម ស្ដង់ដារអន្តរជាតិ និងបញ្ចៀសរាល់របាំងបច្ចេកទេសពាណិជ្ជកម្មនានា។
ក្នុងឱកាសនេះ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា តាមរយៈសិក្ខាសាលានេះ នឹងជួយតម្រង់ទិសម្ចាស់អាជីវកម្ម និងសហគ្រិន ឱ្យយល់ច្បាស់ពីនីតិវិធីនៃ ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/0) និងវិធានដើមកំណើតទំនិញ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុគ្រោះពន្ធនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ សំដៅបង្កើនឧត្តមភាពប្រកួតប្រជែង និងពង្រីកវិសាលភាពនៃការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារសកលលោកឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។
ឧកញ៉ាបន្ថែមថា «នៅក្នុងបរិបទនៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម ការនាំចេញផលិតផលកសិកម្ម និង ផលិតផលផ្សេងៗទៀត មិនមែនត្រឹមតែជាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបំពេញនូវ «លក្ខខណ្ឌបច្ចេកទេស និងបទដ្ឋានគតិយុត្ត» ដែលកំណត់ដោយ ប្រទេសអ្នកទិញ។
សិក្ខាសាលានាថ្ងៃនេះ បានផ្តោតសំខាន់លើចំណុចគន្លឹះមួយចំនួនដូចជា៖ ការជម្នះរបាំងពាណិជ្ជកម្ម ដែលប្រទេសនាំចូលមួយចំនួនបាននឹងកំពុងរឹតបន្តឹងខ្លាំងលើ ស្ដង់ដារសុវត្ថិភាព។ ការយល់ដឹងពីអនុលោមភាពភូតគាមអនាម័យ ដែលនឹងជួយឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនកម្ពុជាចេះរៀបចំខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការ បដិសេធទំនិញ ឬការបំផ្លាញចោលនៅមាត់ច្រកព្រំដែន ដែលនាំឱ្យខាតបង់ថវិកា និងខូចកេរ្តិ៍ ឈ្មោះអាជីវកម្ម និងការទាញយកអត្ថប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាមាន កិច្ចព្រមព្រៀងជាច្រើនដូចជា RCEP , CCFTA និង CKFTA។
លោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ មិនមែនត្រឹមតែជាសិក្ខាសាលាតែប៉ុណ្ណោះទេ តែវាជាឱកាសដ៏សាកសម្យ បំផុតសម្រាប់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការស្វែងយល់ឱ្យកាន់តែ ទូលំទូលាយអំពីច្បាប់ស្តីពីភូតគាមអនាម័យ, បែបបទ និងនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ ប្រភពដើមទំនិញ ដែលជាសសរស្ដម្ភចម្បងសម្រាប់គាំទ្រការនាំចេញកសិផលកម្ពុជា និងសមារណកម្មទៅក្នុងពាណិជ្ជកម្មអន្តរជាតិ។
លោកបានលើកឡើងថា ការនាំចេញរបស់កម្ពុជា នៅតែបន្តជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន មានជាអាទិ៍ ការអនុលោមទៅតាមស្តង់ដារពាណិជ្ជកម្មអន្ដរជាតិ, ភាពតានតឹងភូមិសាស្ត្រនយោបាយសកល, សសង្រ្គាមឈ្លានពានពីប្រទេសថៃ, ការបន្តកើនឡើងនៃចរន្តគាំពារនិយម, និងថ្លៃដើមធ្វើធុរកិច្ចមានកម្រិតខ្ពស់។ ជាមួយគ្នានេះ ការអនុវត្តច្បាប់ និងនីតិវិធីនាំចេញបច្ចុប្បន្ន ក៏បន្តជួបប្រទះនឹងបញ្ហា ប្រឈមមួយចំនួន ផងដែរ ទៅលើការអនុលោមទៅតាមស្តង់ដារពាណិជ្ជកម្មអន្ដរជាតិ ជាពិសេស បញ្ហាប្រឈមផ្នែកបច្ចេកទេសនិងស្ដង់ដារចីរភាព។
លោកបន្ថែមថា «ហេតុនេះ ការចំណាយលើការអនុវត្តក្របខ័ណ្ឌ អនាម័យ និងភូតគាមអនាម័យ និងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) គឺជាឧបសគ្គសម្រាប់ អ្នកនាំចេញកម្ពុជាភាគច្រើន ជាពិសេសក្នុងវិស័យកសិកម្ម និងផលិតកម្ម ក្នុងការរក្សាបាននូវការ អនុគ្រោះការនាំចេញទៅទីផ្សារអន្តរជាតិ។ ប្រឈមមុខនឹងបញ្ហាដែលបានលើកឡើងខាងលើ ការពង្រឹងយន្តការអនុលោមភាពមិនមែន គ្រាន់តែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចាក់គ្រឹះសម្រាប់អនាគតនៃវិស័យនាំចេញ របស់យើង»។
លោកបន្តថា «ការអនុវត្តច្បាប់ភូតគាមអនាម័យ និងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ គឺជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយរបាំងពាណិជ្ជកម្ម និងកសាងទំនុកចិត្តជាមួយដៃគូ ពាណិជ្ជកម្មអន្តរជាតិ»។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា កម្ពុជាមានឱកាសក្នុងការនាំចេញទំនិញទៅក្រៅប្រទេសច្រើនតាមរយៈការទទួលបានការអនុគ្រោះផ្សេង ដូច្នេះសហគ្រិននានា ត្រូវចាប់ឱកាសពង្រឹងខ្លួន ក្នុងការផលិតឱ្យស្របតាមស្តង់ដារគុណភាពអនាម័យ ខណៈឱកាសនេះអាចនឹងមិនមែនមានរហូតទេ នៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។
សិក្ខាសាលាខាងលើនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងការជួយលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់សហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរ ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
សូមជម្រាបជូនផងដែរថា សិក្ខាសាលាខាងលើនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងទទួលបានការឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ធនាគារ វីង (ខេមបូឌា) ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ កំពង់ផែស្វយ័តភ្នំពេញ, SENG KREE Printing & Embroidery និង W-KING CAMBODIA៕















