ក្រសួងសាធារណការ បើកកិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់នៅខេត្តរតនគិរី
11-03-2026 14:37
(រតនគិរី)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដល់ម្ចាស់អាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធ និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខេត្តរតនគិរី។
កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើងនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី នាព្រឹកពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្រោមអធិបតីភាពលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងលោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី ព្រមទាំងមាមានការចូលរួមដោយពីគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលអភិបាលក្រុង ស្រុកទាំង៩ និងមន្ត្រីពាក់ព័ន្ធ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់ គ្រឿងសំណង់ អាជីវកម្មជីកយកអាចម៌ដី និងរោងម៉ាស៊ីនកិនស្រូវក្នុងភូមិសាស្ត្រខេត្តរតនគិរី។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីច្បាប់បទដ្ឋានគតិយុត្ត និងបច្ចេកទេសពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលរួមមានច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ មាត្រា៦០ រចនាសម្ព័ន្ធគ្រប់គ្រងរបស់គណៈកម្មាធិការដឹកជញ្ជូនលើសទម្ងន់ សេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សេចក្តីជូនដំណឹងលេខ០៥២ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អំពីទម្ងន់អនុញ្ញាតផ្ទុកតាមប្រភេទយានយន្ត និងភ្លៅនីមួយៗ និងទណ្ឌកម្មពិន័យចំពោះយានយន្តដឹកលើសទម្ងន់ផងដែរ ដល់ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ក្រួស ដេប៉ូខ្សាច់ គ្រឿងសំណង់ អាជីវកម្មជីកយកអាចម៍ដី និងរោងម៉ាស៊ីនកិនស្រូវ បានយល់ដឹង ហើយចូលរួមគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ជាធរមាន។
បន្ទាប់ពីលោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាអនុប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី បានធ្វើរបាយការណ៍សង្ខេបរួចមកលោក ម៉ា វិចិត្រ បានលើកឡើងថា ការងារផ្សព្វផ្សាយទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងភូមិសាស្ត្រខេត្តរតនគិរី នាពេលកន្លងមក រដ្ឋបាលខេត្តតែងតែចុះដឹកនាំ និងជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់-ក្រួស តំណាងក្រុមហ៊ុន និងម្ចាស់អាជីវកម្មការដ្ឋានផ្សេងៗទៀតបានយល់ដឹងចូលរួមគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយនឹងលទ្ធផលសម្រេចបានក៏នៅមានបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការមិនចូលរួមរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់-ក្រួស តំណាងក្រុមហ៊ុន និងម្ចាស់អាជីវកម្មការដ្ឋានផ្សេងៗទៀត ដែលនៅតែបន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ហើយក្រុមការងារតែងតែចុះផ្សព្វផ្សាយនិងណែនាំជាប់ជាប្រចាំ ព្រមទាំងបានធ្វើការដាក់ពិន័យជាបន្តបន្ទាប់ផងដែរ។
បើតាមលោក សេង ឈួន បានលើកឡើងថា ការដឹកលើសទម្ងន់ វាបានជះឥទ្ធិពលអាក្រក់ដល់ការបំផ្លិចបំផ្លាញផ្លូវថ្នល់ ក្រៅពីនោះវាបានបង្កជាផលប៉ះពាល់ដល់សុវត្ថិភាពអាយុជីវិតប្រជាជន និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។
លោកបានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវបន្តចូលរួមគោរពនូវច្បាប់បទដ្ឋានកិតិយុទ្ធនានារួមនឹងសារាចរណ៍ណែនាំរបស់ក្រសួង និងរាជរដ្ឋាភិបាលផងដែរ ទើបមានប្រសិទ្ធភាព។ ជាពិសេសគ្រប់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តរតនគិរី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីចូលរួមបន្តរឹតបន្តឹងការងារផ្តល់លិខិតអនុញ្ញាតអាជីវកម្មដឹកជញ្ជូនទំនិញទប់ស្កាត់ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ជំរុញការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតយានយន្តជួសជុលកែច្នៃយានយន្ត បន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បន្តធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់ភូមិ ឃុំ ក្រុង ស្រុក ទូទាំងខេត្ត៕



















