អភិបាលខេត្តកោះកុង៖ ស្ត្រី ជាមាតាក្នុងការបណ្ដុះបណ្ដាលយុវជន យុវតី ជំនាន់ក្រោយ ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ

11-03-2026 14:35

(កោះកុង)៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានថ្លែងបញ្ជាក់ថា ស្ត្រីមិនត្រឹមក្នុងនាមជាមាតាដែលជាអ្នកផ្ដល់កំណើតប៉ុណ្ណោះទេ ស្ត្រី ក៏ជាអ្នកបណ្ដុះបណ្ដាលយុវជន យុវតី ជំនាន់ក្រោយជាគំរូវីរភាព ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ ដើម្បីអនាគតប្រទេសជាតិផងដែរ។

លោកស្រី ឈី វ៉ា បានថ្លែងដូចនេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលលោកស្រី និងលោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលរៀបចំនៅសាលមហោស្រពខេត្តកោះកុង។

នាឱកាសនោះលោកស្រី ឈី វ៉ា បានថ្លែងនូវសារលើកទឹកចិត្តយ៉ាងជ្រាលជ្រៅដល់ស្ត្រីខ្មែរគ្រប់រូប ឱ្យបន្តដើរតួនាទីជាស្ត្រីដ៏រឹងមាំ ទាំងក្នុងកិច្ចការសង្គម និងការអប់រំគ្រួសារ និងជាគំរូមួយសម្រាប់កូនចៅនឹងពង្សសាវតាខ្មែរ និងប្រទេសជាតិយើង។

លោកស្រីអភិបាលខេត្ត បានថ្លែងបន្តថា នេះជាមោនភាពដែលយើងទាំងអស់គ្នាបានរស់ក្រោមម្លប់នៃសន្តិភាព សុខសុវត្តិភាព រាជរដ្ឋាភិបាលកម្ពុជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានបើកចំហរឱកាសយ៉ាងទូលំទូលាយបំផុត ដើម្បីឱ្យស្ត្រីអាចបញ្ចេញសមត្ថភាព ចំណេះដឹង និងទេពកោសល្យរបស់ខ្លួនលើគ្រប់វិស័យ មិនថាការងារសង្គម សេដ្ឋកិច្ច ឬនយោបាយ ស្ត្រីខ្មែរគ្រប់រូបត្រូវបានជំរុញឱ្យមានមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងត្រូវបន្តពង្រឹងសមត្ថភាពឱ្យទាន់សកលភាវូបនីយកម្ម ដើម្បីក្លាយជាធនធានមានធនធានមនុស្សមានតម្លៃដែលមិនអាចខ្វះបានសម្រាប់ប្រទេសជាតិ។

លោកស្រី ឈី វ៉ា ក៏បានរំលឹកពីតម្លៃដ៏ខ្ពង់ខ្ពស់របស់ស្ត្រីក្នុងនាមជាមាតា ដែលមិនត្រឹមតែជាអ្នកផ្ដល់កំណើតប៉ុណ្ណោះទេ ប៉ុន្តែគឺជាវិស្វករនៃព្រលឹងវិញ្ញាណ ក្នុងការផ្ដល់ការអប់រំ និងបណ្ដុះស្មារតីសន្តិភាពចាប់ផ្ដើមពីក្នុងគ្រួសារ។ ដូច្នេះខ្មែរត្រូវរក្សាតម្លៃដ៍ថ្លៃថ្នូរ និងការអប់រំដ៏ល្អប្រសើរ ស្ត្រីគឺជាមាតាក្នុងការបណ្ដុះបណ្ដាលយុវជនយុវតីជំនាន់ក្រោយជាគំរូវីរភាព ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ ដើម្បីអនាគតប្រទេសជាតិ៕