ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ចាត់ទុកបុគ្គលិកសុខាភិបាលជាស្ត្រី ជាឆ្អឹងខ្នងយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល

11-03-2026 14:46

(សៀមរាប)៖ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងបុគ្គលិកសុខាភិបាលជាស្ត្រី និងបានចាត់ទុកបុគ្គលិកជាស្ត្រីទាំងអស់ គឺជាឆ្អឹងខ្នងយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ក្នុងខេត្តទេសចរណ៍ដ៏មានសក្ដានុពលមួយនេះ។

ថ្លែងយ៉ាងដូច្នេះរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយបុគ្គលិកសុខាភិបាលជាស្ត្រី អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា នាថ្ងៃទី១០ ខែមីនា ឆ្នា២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយការចូលរួមពីលោកគ្រូ អ្នកគ្រូពេទ្យជាច្រើនផងដែរ។

លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងនាមជាខេត្តគោលដៅទេសចរណ៍លំដាប់ពិភពលោក វត្តមានរបស់គ្រូពេទ្យស្រ្តីដែលមានភាពទន់ភ្លន់ រួសរាយរាក់ទាក់ និងមានវិជ្ជាជីវៈខ្ពស់ គឺជាកត្តាចាំបាច់ក្នុងការផ្ដល់ទំនុកចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងន័យនេះ សូមឱ្យមន្ត្រីយើងទាំងអស់ បន្តមានវឌ្ឍនភាព និងជោគជ័យក្នុងបេសកកម្មបម្រើវិស័យសុខាភិបាល ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គមឱ្យកាន់តែប្រសើរឡើង។

លោកវេជ្ជបណ្ឌិត ក៏បានផ្តល់គន្លឹះចំនួន៤ ដែលក្រុមគ្រូពេទ្យស្រ្តីបានសម្រេចជោគជ័យ ក្នុងនោះរួមមាន៖ គុណភាព គឺការពិនិត្យ និងព្យាបាលតាមស្ដង់ដារបច្ចេកទេស, ប្រសិទ្ធភាព គឺការប្រើប្រាស់ជំនាញច្បាស់លាស់ក្នុងការសង្គ្រោះជីវិត។ ស័ក្ដិសិទ្ធិភាព គឺជាលទ្ធផលនៃការព្យាបាលដែលទទួលបានការជឿទុកចិត្តពីអ្នកជំងឺ និងសុវត្ថិភាព គឺជាការធានានូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកជំងឺ និងខ្លួនឯងក្នុងពេលបំពេញភារកិច្ច។

លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់ និងភាពរឹងមាំរបស់មន្ត្រីពេទ្យជានារីទាំងអស់ ដែលបានបំពេញកាតព្វកិច្ចយ៉ាងសកម្មក្នុងការផ្ដល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ។

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យរដ្ឋមួយដែលបានធ្វើការអភិវឌ្ឍយ៉ាងឆាប់ ឈានមុខលើសបណ្ដាខេត្តដទៃទៀត រួមបញ្ចូលទាំងការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលមានលក្ខណៈស្ដង់ដារ មានការបំពាក់នូវសម្ភារ និងឧបករណ៍ទំនើបៗ មានធនធានមនុស្សប្រកបដោយសក្ដានុពល និងមានការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបថា បច្ចុប្បន្នមន្ទីរពេទ្យមានមន្ត្រីរាជការ និងបុគ្គលិកចំនួន ៧៥០នាក់ ក្នុងនោះមានមន្ត្រីរាជការ និងបុគ្គលិកជាស្ត្រីចំនួន ៣៩៩នាក់ ស្មើនឹងជាង ៥៣ភាគរយ នៃចំនួនបុគ្គលិកសរុប។ ទិន្នន័យនេះបង្ហាញឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រី នៅក្នុងរចនាសម្ព័ន្ធការងារ ដែលមានអត្រាលើសពីពាក់កណ្ដាលនៃចំនួនមន្ត្រីសរុប៕