ខេត្តស្វាយរៀង រកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ៦៩ទីតាំង បិទបណ្តោះអាសន្ន មូលហេតុអស់ប្រេងក្នុងស្តុក
11-03-2026 16:08
(ស្វាយរៀង)៖ ដោយមានការណែនាំពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដាក់បញ្ជាឱ្យចុះតាមដាន និងពិនិត្យមើលស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់នៅខេត្តស្វាយរៀង, ក្រុមការងារអន្តរមន្ទីរ ដោយមានសមាសភាព មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង, មន្ទីររ៉ែ និងថាមពលខេត្ត និងសាខា ក.ប.ប.ខេត្ត បានចុះត្រួតពិនិត្យស្ថានភាពស្តុក និងតម្លៃប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តស្វាយរៀងរយៈពេល៣ថ្ងៃមកនេះ ចេញជាលទ្ធផល ដោយរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៦៩ទីតាំង បានបិទបណ្តោះអាសន្ន មូលហេតុអស់ប្រេងក្នុងស្តុក ក្នុងចំណោមស្ថានីយប្រេង២៥៦ទីតាំងទូទាំងខេត្ត។
លោក ប៉ាត់ សាក់ ប្រធានស្ដីទី នៃមន្ទីររ៉ែ និងថាមពល ខេត្តស្វាយរៀង បានឱ្យដឹងថា បច្ចុប្បន្នភាព ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈក្នុងខេត្តស្វាយរៀង គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦មានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ចំនួន ២៥៦ស្ថានីយ ក្នុងនោះមានស្ថានីយប្រេងឥន្ធនៈចំនួន ២០២ស្ថានីយ, ស្ថានីយឧស្ម័នឥន្ធនៈមានចំនួន ៩ស្ថានីយ, ស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈមានចំនួន ៤៥ស្ថានីយ។
ប្រធានមន្ទីរស្ដីទីបានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្ន មានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ កំពុងដំណើរការចំនួន ១៨៧ស្ថានីយ ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ អស់ស្តុកផ្អាកដំណើរការមានចំនួន ៣៨ស្ថានីយ ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ផ្អាកបណ្តោះអាសន្នដោយខ្លួនឯង មានចំនួន២១ស្ថានីយ ស្ថានីយប្រេងឥន្ធនៈចំនួន ១០ស្ថានីយបានបិទ។ ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈធ្លាប់បានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយពីក្រសួងមានចំនួន ១៩៨ស្ថានីយ៕















