ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការអាន និងការសរសេរ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការលើកកម្ពស់លទ្ធផលសិក្សា និងការយល់ដឹងពីពិភពលោក

11-03-2026 16:08

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការអាន និងការសរសេរ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការសិក្សាជំនាញ ការលើកកម្ពស់ភាសាជាតិ ការលើកកម្ពស់លទ្ធផលសិក្សា និងការយល់ដឹងពីពិភពលោក។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ នាឱកាសដែលោកអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ដែលបានធ្វើឡើងក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមានការចូលរួមពីសំណាក់ ព្រះថេរានុថេរគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងភ្ញៀវជាតិ អន្តរជាតិ និងសិស្សនិស្សិតជាច្រើនរូបទៀត។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ទៀតថា ក្នុងបរិបទនៃការប្រែប្រួល និងសកលភាវូបនីយកម្ម ការអាន និងការសរសេរទាមទារឱ្យការអប់រំ និងការបណ្តុះបណ្តាល តែត្រូវយកទុកដាក់ឱ្យកាន់តែខ្ពស់ ជាពិសេសការរិះរកមធ្យោបាយ សម្រាប់អំណានដែលមានច្រើនជម្រើសរួមមាន ការអានសៀវភៅ ការអានលើឧបករណ៍អេឡិកត្រូនិក ការអាននៅលើទូរសព្ទវៃឆ្លាត និងការអាននៅលើឧបករណ៍ឌីជីថល។ ម៉្យាងទៀត អំណានដោយប្រើមធ្យោបាយ បច្ចេកវិទ្យាទំនើប ចំណាយពេលតិច ងាយស្រួលអាន និងជួយ ដល់បរិស្ថានផងដែរ។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា នាពេលបច្ចុប្បន្ន សិស្ស និស្សិត និងយុវជនកម្ពុជា ដែលស្រឡាញ់ការអានកំពុងតែប្រើប្រាស់មធ្យោបាយអានទាំងអស់នេះផងដែរ។ បើយើងក្រឡេកមើលទៅប្រទេសជឿនលឿន ទោះបីបច្ចេកវិទ្យារីកចម្រើនខ្លាំងយ៉ាងណា ការអានដោយប្រើប្រាស់សៀវភៅនៅតែមាន សន្ទុះខ្លាំងក្លាដដែល ហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡាបានបន្តរៀបចំ និងប្រារព្ធទិវាជាតិអំណានចំនួន ១០ លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦ មកដល់ពេលនេះ ។

ជាមួយនឹងការពង្រឹងផ្នែកអំណាននេះលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងបានចាត់វិធានការ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការសិក្សានៅកម្រិត ថ្នាក់ដំបូងនៃបឋមសិក្សា ផ្តោតលើការអនុវត្តកញ្ចប់អំណានថ្នាក់ដំបូង ដោយពង្រីកការអនុវត្ត កញ្ចប់អំណានសម្រាប់ថ្នាក់ទី១ ទី២ និងទី៣ ទូទាំងប្រទេស។ ក្រសួងបានដាក់បញ្ចូលកញ្ចប់ អំណាន ថ្នាក់ដំបូងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ ទាំងក្នុងប្រព័ន្ធបណ្តុះ បណ្តាល ១២+២ និង ១២+៤ ដើម្បីធានាបាននូវ និរន្តរភាព រួមទាំងការអនុវត្តយន្តការប្រឹក្សា គរុកោសល្យផងដែរ៕