បណ្ឌិត ជា មុនីឫទ្ធិ ៖ «អំណាន» គឺជាមូលដ្ឋាននៃការអភិវឌ្ឍមនុស្ស
11-03-2026 16:14
(ភ្នំពេញ)៖ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News នៅក្នុងឱកាសទិវាអំណានជាតិ លើកទី១១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណេរ និងអំណាន ក្នុងបរិបទថ្មី» យ៉ាងដូច្នេះថា «អំណាន» គឺជាមូលដ្ឋាននៃការអភិវឌ្ឍមនុស្ស។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្តថា ការអានសៀវភៅត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានសំខាន់មួយសម្រាប់ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ និងការរួមចំណែកបង្កើនគុណតម្លៃដល់សង្គម។ ប្រទេសនីមួយៗតែងផ្តល់និងលើកទឹកចិត្តដល់ការលើកកម្ពស់វប្បធម៌អំណាន ព្រោះនេះជាវិធីសាស្រ្តគន្លឹះសំខាន់និងចាំបាច់អាទិភាពបំផុតសម្រាប់បង្កើនចំណេះដឹង ការគិតវិភាគ និងសមត្ថភាពច្នៃប្រឌិតរបស់បុគ្គលម្នាក់ៗ។ នៅក្នុងបរិបទកម្ពុជា ការប្រារព្ធទិវាជាតិអំណាន រៀងរាល់ឆ្នាំ នាថ្ងៃទី១១ ខែមីនា ជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់វប្បធម៌អំណាន នៅក្នុងសង្គមកម្ពុជាផងដែរ។
ជាមូលដ្ឋាន ការអានសៀវភៅជួយពង្រីកចំណេះដឹងរបស់មនុស្ស ហើយតាមរយៈសៀវភៅ មនុស្សអាចឈ្វេងយល់ អំពីប្រវត្តិសាស្ត្រ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ចំណេះដឹងដែលទទួលបានពីការអាន មិនត្រឹមតែជួយក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតទស្សនៈទូលំទូលាយ និងការយល់ដឹងជ្រាលជ្រៅអំពីពិភពលោកផងដែរ។ ក្នុងន័យនេះ ការអានត្រូវបានចាត់ទុកថាជាវិធីសាស្ត្រសំខាន់បំផុតមួយក្នុងការអភិវឌ្ឍធនធាន និងមូលធនមនុស្ស។
លើសពីនេះ ការអានសៀវភៅក៏ជួយអភិវឌ្ឍសមត្ថភាពគិត និងការវិភាគអោយបានខ្លាំងក្លាផងដែរ។ នៅពេលអាន អ្នកអានត្រូវធ្វើការយល់ដឹង បកស្រាយ និងប្រៀបធៀបគំនិតផ្សេងៗ ដែលមាននៅក្នុងអត្ថបទ។ ដំណើរការនេះជួយបង្កើនសមត្ថភាពគិតយ៉ាងមានហេតុផលបែបតក្កភាព និងការដោះស្រាយបញ្ហាដោយឈរលើ ភាពច្នៃប្រឌិត និងប្រើប្រាស់ទឡ្ហីករណ៍តាមវិធីសាស្រ្តបដិសំយោគវិចារវិទ្យាថែមទៀតផង។ សម្រាប់កុមារ ការអាន ជាប្រចាំអាចជួយអភិវឌ្ឍន៍ការស្រមៃ និងការច្នៃប្រឌិត ដែលជាគុណលក្ខណៈសំខាន់សម្រាប់ការសិក្សា និងការអភិវឌ្ឍចាប់ពីបច្ចុប្បន្នកាលទៅកាន់អនាគតកាលដ៏ភ្លឺស្វាង។
ទោះយ៉ាងណា នៅក្នុងសង្គមសម័យទំនើប កុមារជាច្រើនកំពុងចំណាយពេលលើទូរសព្ទ និងហ្គេមអេឡិចត្រូនិក ច្រើនជាងការអានសៀវភៅ។ បើគ្មានការគ្រប់គ្រងត្រឹមត្រូវ និន្នាការនេះអាចធ្វើឱ្យកុមារខ្វះទម្លាប់អាន និងប៉ះពាល់ ដល់សមត្ថភាពផ្តោតអារម្មណ៍ ការគិតជ្រាលជ្រៅ និងសមត្ថភាពសិក្សារបស់ពួកគេ។ ដូច្នេះ ការលើកទឹកចិត្ត ឱ្យកុមារអានសៀវភៅតាំងពីវ័យក្មេង គឺមានសារៈសំខាន់យ៉ាងខ្លាំង។ នៅក្នុងការលើកកម្ពស់វប្បធម៌អាន ប្រទេសមួយចំនួនបានអនុវត្តគោលនយោបាយ និងកម្មវិធីជាច្រើនដែលគួរឱ្យយកជាគំរូ។
ឧទាហរណ៍ ប្រទេសចិន បានអនុវត្តយុទ្ធនាការលើកកម្ពស់ការអាននៅថ្នាក់ជាតិដូចជា ការប្រកួតប្រជែងសមត្ថភាពអំណាន សមត្ថភាព យល់ដឹងខ្លឹមសារនៃអត្ថបទ ដែលមានគោលបំណងជំរុញឱ្យប្រជាជនចិនគ្រប់វ័យចូលរួមអានសៀវភៅ។ លើសពីនេះ រដ្ឋាភិបាលចិនក៏បានអភិវឌ្ឍន៍បណ្ណាល័យសាធារណៈ និងបណ្ណាល័យសហគមន៍ បន្ថែមពីលើបណ្ណាល័យនៅតាមសាលារៀនដែលមិនអាចខ្វះបាន ព្រមទាំងរៀបចំសកម្មភាពអានសៀវភៅនៅក្នុងសាលារៀន និងសហគមន៍។ វិធានការទាំងនេះបានជួយបង្កើតបរិយាកាសសង្គមដែលលើកទឹកចិត្តឱ្យកុមារស្រឡាញ់ការអាន។
សម្រាប់ប្រទេសកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន តែងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គពាក់ព័ន្ធនានាក្នុងការលើកកម្ពស់វប្បធម៌អាន ដោយបានកែលម្អបណ្ណាល័យជាច្រើនរួមមាន បណ្ណាល័យមិត្តភាពកម្ពុជា-ចិន, បណ្ណាល័យមេគង្គ-ឡានឆាង, បណ្ណាល័យនៅតាមស្ថាប័នរដ្ឋ ហើយសមាគមតែងបានជំរុញដល់ភាគីពាក់ព័ន្ធជាច្រើនរួមមាន អាជ្ញាធរមូលដ្ឋាន សាលារៀន គ្រួសារ និងសហគមន៍ ជាពិសេសឪពុកម្តាយ ក្នុងការបង្កើតទម្លាប់អានដល់កុមារ ដោយមានការផ្តល់សៀវភៅអានតម្រូវវ័យកុមារ ការផ្តល់ពេលវេលាអានជាមួយ កុមារជាដើម។
ជារួមការអានសៀវភៅមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍគំនិត ចំណេះដឹង និងសមត្ថភាពរបស់មនុស្ស។ វាមិន ត្រឹមតែជួយបង្កើនការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតសង្គមដែលមានចំណេះដឹង និងការអភិវឌ្ឍ ប្រកបដោយចីរភាពផងដែរ។ លោកបណ្ឌិតយល់ថា កុមារមានទម្លាប់អានសៀវភៅ គឺជាការវិនិយោគសំខាន់មួយ សម្រាប់អនាគតរបស់ សង្គម និងប្រទេសជាតិ៕









