កម្ពុជានឹងរងឥទ្ធិពលព្យុះទី៣ ឈ្មោះនូរី (Nuri) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ (Video inside)
11-03-2026 16:22
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា កម្ពុជានឹងរងឥទ្ធិពលព្យុះទី៣ ឈ្មោះនូរី (Nuri) T2603 ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដែលនឹងបណ្តាលឱ្យតំបន់ខ្ពង់រាប, តំបន់វាលទំនាប, តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាង លិច បានវិវត្តទៅជាព្យុះទី៣ ឈ្មោះនូរី (Nuri) T2603។ ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ ព្យុះទី៣ ឈ្មោះ នូវី នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ៖
១៖ តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២០%។
២៖ តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
៣៖ តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់ មធ្យមអតិបរមា ១,០០ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក៕





