ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ ផ្តោតសំខាន់លើការងារបម្រើសេវាសាធារណៈជូនពលរដ្ឋ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល

11-03-2026 18:29

(ប៉ៃលិន)៖ លោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, ២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិន និង៣. បញ្ហាផ្សេងៗ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមកលោកស្រីបណ្ឌិត បាន ស្រីមុំ បាក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។

លោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារតាមតួរនាទីភារៈកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ជាពិសេសបានចូលរួមក្នុងការការពារបូរណៈភាពទឹកដី, ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានានៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជា៖ ការរួមចំណែកឱ្យខេត្តប៉ៃលិនមានភាពរីកចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិនដែលមានលោកស្រីបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្តឱ្យមានការរីកចំរើនជាបន្ត បន្ទាប់គួរជាទីមោទន ដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ចំពោះការកែប្រែមុខមាត់ថ្មី របស់ខេត្តប៉ៃលិន ជាពិសេសបានជួយសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលករ ដែលវិញត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូនពលករទាំងនោះផងដែរ។

នៅក្នុងឱកាសនោះផងដែរ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀតក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ៕