លោក កែវ រតនៈ៖ ការព្យាករណ៍របស់ពិភពលោក វិបត្តិប្រេងឥន្ធនៈអូសបន្លាយ មិនយូរទេ សូមចូលរួមប្រើប្រាស់ដោយសន្សំសំចៃ (Video inside)

11-03-2026 19:02

(ភ្នំពេញ)៖ ដោយផ្អែកតាមការព្យាករណ៍របស់ពិភពលោក លោក កែវ រតនៈ រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា វិបត្តិប្រេងឥន្ធនៈអូសបន្លាយមិនយូរនោះ​ឡើយ បើទោះបីជាយ៉ាងណាលោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋប្រើ​ប្រាស់ប្រេងឥន្ធនៈសន្សំសំចៃឆ្លើយតបទៅនឹងវិបត្តិនាពេលបច្ចុប្បន្ន។

លោក កែវ រតនៈ បានឱ្យដឹងផងដែរថា មកទល់ពេលបច្ចុប្បន្ននេះ កម្ពុជានៅតែរក​បាន​ប្រភពប្រេងមកផ្គត់ផ្គង់ការប្រើប្រាស់ គ្រាន់តែប្រែប្រួលតម្លៃ។

ប្រាប់ Fresh News ក្រោយជំនួបជាមួយអ្នកធ្វើធុរកិច្ចរបស់អាមេរិកនៅក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជានារសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈ បាន​បញ្ជាក់យ៉ាងដូច្នេះ «មកទល់ពេលនេះប្រេងរបស់យើងនៅតែមាន​ការនាំចូល​ជា​បន្តបន្ទាប់។ មានន័យថា ប្រភពនៅតែរកបាន គ្រាន់តែតម្លៃវាកើនឡើង១០ ២០ ៣០ភាគរយជាបន្តបន្ទាប់អ៊ីចឹងទៅ។ ដូច្នេះក្នុងស្ថានភាពនេះ យើងអត់ទាន់​ប្រកាស​អាសន្នដូចប្រទេសមួយចំនួនទេ»។

បើតាមលោក កែវ រតនៈ ការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ ក៏ធ្វើឱ្យប៉ះពាល់ដល់​ច្រវាក់​តម្លៃនៃការផលិតអគ្គិសនីនៅកម្ពុជាមួយចំនួនផងដែរ។ បើតាមលោក កែវ រតនៈ ការផលិតថាមពលអគ្គិសនីនៅកម្ពុជា មានប្រភពមួយចំនួនបានប្រើប្រាស់​ប្រេង​ឥន្ធនៈ។ បើទោះបីប៉ះពាល់ច្រវាក់តម្លៃនៃការផលិតថាមពលអគ្គិសនី ប៉ុន្តែ​កម្ពុជា មិនទាន់ដំឡើងថ្លៃអគ្គិសនីនោះឡើយ។

សូមបញ្ជាក់ថា ផ្តើមពីសង្គ្រាមរវាងអាមេរិក-អ៉ីស្រាអែល ជាអ៉ីរ៉ង់ បានធ្វើឱ្យកើត​វិបត្តិ​​នៃ​ការចម្រាញ់ ក៏ដូចជាការដឹកជញ្ជូនប្រេងឥន្ធនៈ។ ប្រទេសនៅលើពិភព​លោក ជាពិសេសនៅអាស៊ីកំពុងរងផលប៉ះពាល់ខ្លាំង។ នៅកម្ពុជា សម្រាប់ប្រេងសាំងធម្មតាតម្លៃឡើងដល់ ៥,២០០រៀល ក្នុងមួយលីត្រ ប្រេងម៉ាស៊ូត ឡើងដល់ ៦,០៥០រៀលក្នុងមួយលីត្រ៕