នាវិកថៃ ៣នាក់បាត់ខ្លួន ក្រោយនាវារបស់ពួកគេរងការវាយប្រហារដោយគ្រាប់ផ្លោងនៅច្រកសមុទ្រ Hormuz (Video inside)
11-03-2026 19:57
(បាងកក)៖ នាថ្ងៃពុធនេះ ក្រសួងដឹកជញ្ជូនថៃ បានប្រកាសថា នាវិកចំនួន ២០នាក់ បានទទួលការជួយសង្គ្រោះដោយជោគជ័យ បន្ទាប់ពីនាវាថៃមួយគ្រឿងបានរងការវាយប្រហារដោយគ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ នៅក្នុងច្រកសមុទ្រ ហ័រមូស (Hormuz) ប៉ុន្តែនាវិក ៣នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងបានបញ្ជាក់ថា ការវាយប្រហារបានបង្កឱ្យមានការផ្ទុះនៅផ្នែកខាងក្រោយនៃនាវា និងបង្កជាអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់ម៉ាស៊ីន ដែលជាកន្លែងនាវិកទាំង ៣នាក់កំពុងបំពេញការងារនៅពេលនោះ។ ក្រុមនាវិកដែលនៅសល់ បានជម្លៀសខ្លួនចេញតាមទូកសង្គ្រោះបន្ទាន់ ហើយត្រូវបានកងទ័ពជើងទឹកអូម៉ង់ ជួយសង្គ្រោះទាន់ពេលវេលា។ មកទល់ពេលនេះ ប្រតិបត្តិការរុករកនាវិកដែលបាត់ខ្លួននៅតែបន្ត ខណៈអាជ្ញាធរពាក់ព័ន្ធកំពុងបើកការស៊ើបអង្កេតលើហេតុការណ៍នេះ៕





