អភិបាលខេត្តស្ទឹងត្រែង ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-ឡាវ នៅឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្ម

11-03-2026 20:10

(ឡាវ)៖ តបតាមការអញ្ជើញរបស់លោក ស៊ុកសៈវ៉ាន់ វិល័យវង្ស ប្រធានគណៈកម្មាធិការរដ្ឋបាល ខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូខេត្ត ធ្វើដំណើរ ទស្សនកិច្ចខេត្តចំប៉ាសាក់ និងចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-ឡាវ ជាផ្លូវការ លើកទី១៥ រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់។

ភាគីទាំងពីរបានអបអរសាទរ និងសម្តែងការវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ឡាវ ដឹកនាំដោយលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភាគីទាំងសងខាង បានបង្ហាញពីកិច្ចសហការឱ្យបានស្អិតរមួត ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ រវាងខេត្តទាំង២ ជាពិសេសការបង្ក្រាបរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ក្នុងនោះមានការយកចិត្តទុកដាក់ខ្ពស់ លើអំពើ ភេរវកម្ម ការជួញដូរមនុស្សឆ្លងដែន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ភាគីទាំងថែមទាំងបានឯកភាពគ្នា ក្នុងរក្សាប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ប្រវត្តិសាស្ត្រល្អ របស់ប្រជាជាតិទាំងពីរ ក៏ដូចជាខេត្តទាំងពីរឱ្យកាន់តែល្អប្រសើរឡើង ដោយកំណត់យកថ្ងៃសំខាន់ៗរបស់ជាតិ ឬពិធីបុណ្យប្រពៃណីផ្សេងៗដើម្បីផ្លាស់ប្តូរសិល្បៈ កីឡាតាមការប្តូរវេន ឬព្រឹត្តិការណ៍ផ្សេងៗ។

បន្ថែមពីនេះ ភាគីទាំងពីរបានប្តេជ្ញា ពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង ទាំងការផ្សព្វផ្សាយ ព័ត៌មាន ដែលទាក់ទងនឹងវិស័យទេសចរណ៍ និងរៀបចំកិច្ចប្រជុំស្តីពីទេសចរណ៍រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដោយមានការចូលរួមពីផ្នែករដ្ឋ និងឯកជន។
ជាមួយគ្នានោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមករវាងអង្គភាពអគ្គិសនីខេត្តទាំងពីរ(ស្ទឹងត្រែង-ចំប៉ាសាក់) ដើម្បីដំណើរការផ្គត់ផ្គង់ចរន្តអគ្គិសនីដោយអនុលោមតាមកិច្ចព្រមព្រៀង នៃអគ្គិសនីកម្ពុជា-ឡាវ។

ក្នុងកិច្ចប្រជុំដដែល កម្ពុជា-ឡាវ បានលើកទឹកចិត្តឱ្យវិនិយោគិននិងធុរជននៃខេត្តទាំងពីរ ចូលរួមវិនិយោគ ក្នុងវិស័យដឹកជញ្ជូន ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនផលិតផល និងអ្នកដំណើរតាមច្បាប់របស់ប្រទេសនីមួយៗ និងព្រមព្រៀងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន ពាណិជ្ជករ អាជីវករ និងប្រជាជនក្នុងការ ដោះដូរផលិតផលកសិកម្ម ឧស្សាហកម្ម ឧស្សាហកម្មខ្នាតតូច និងសិប្បកម្មតាមតម្រូវការទីផ្សារស្របតាមច្បាប់ នៃប្រទេសនីមួយៗ ៕